Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការពារជាតិឥណ្ឌា នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ នៅសប្ដាហ៍ក្រោយនេះ

08-06-2018 18:02

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋឥណ្ឌា លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅអំឡុងពេលទស្សនកិច្ច លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន នឹងចូលជួបសវនាជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារកម្ពុជា និងក្រសួងការពារប្រទេសឥណ្ឌា។

បន្ថែមពីនេះ ប្រមុខការពារប្រទេសឥណ្ឌា នឹងដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្ដិភាពផងដែរ៕​