(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសិក្ខាថ្នាក់ជាតិលើកទី២ សាលាស្តីពី ព្រះវិហារបុរាណ «ការប្រឈមនឹងហានិភ័យ និងកិច្ចអភិរក្ស» ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា សិក្ខាសាលានេះជាឱកាសដ៏កម្រមួយ ដែលក្រុមអ្នកឯកទេសរបស់ក្រសួងទាំងពីរ និងកិច្ចសហការជាមួយ គណៈសង្ឃនាយក ទាំងពីរគណៈអាចផ្លាស់ប្តូរយោបល់ និងបទពិសោធន៍របស់ខ្លួន ដែលមានក្នុងដំណើរអនុវត្តន៍ការងារវិជ្ជាជីវៈក្នុងប្រទេសនីមួយៗ។
បើតាមលោកទេសរដ្ឋមន្ដ្រី សិក្ខាសាលានេះ ក៏ជាព្រឹត្តិការណ៍មួយដ៏ទាន់ពេលវេលាដែលជំរុញឲ្យមានការពិចារណបន្ថែម ពីការអភិរក្សព្រះវិហារបុរាណ សំណង់បុរាណ និងគំនូរបុរាណ ដោយមានទទួលស្គាល់អង្គការបេតិកភណ្ឌ ពិភពលោកទៅថ្ងៃអនាគត។ លោកក៏បានសូមអបអរសាទរចំពោះកិច្ចខិត ខំរៀបចំឲ្យមានកិច្ចពិភាក្សាលើប្រធានបទមួយចំនួន ស្តីពីកិច្ចការពារ បេតិកភណ្ឌ របស់ព្រះវិហារបុរាណ «ប្រឈមនឹងហានិភ័យ និងកិច្ចអភិរក្ស» វត្តបុរាណនៅកម្ពុជា ដែលជាកេរ្តិ៍ដំណែលមួយសបញ្ជាក់យ៉ាងច្បាស់ ពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ទឹកដី និងប្រជាជាតិកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានរំលេចថា ត្រង់នេះបង្ហាញ ច្បាស់ពីទំនាក់ទំនងរវាងវប្បធម៌រូបី ដែលផ្សារភ្ជាប់ពីអតីតកាល ទៅនឹងបច្ចុប្បន្នកាល និងអនាគតកាល នេះជាផ្នែកមួយរំលេចឡើងឲ្យកាន់តែច្បាស់ពីកេរតំណែវប្បធម៌ ដែលមិនអាចកាត់ផ្តាច់ពីភាពសម្បូរបែប របស់ប្រទេសកម្ពុជា ប្រទេសអច្ឆរិយ។
យ៉ាងណាមិញ លោកទេសរដ្ឋមន្ដ្រី ក៏បានអំពាវនាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រសួង មូលដ្ឋានត្រូវចូលរួមសហការជាមួយ គណៈសង្ឃនាយកទាំងគណៈ និងបន្តកិច្ចខិតខំធ្វើយ៉ាងណារៀបចំបញ្ជីស្ថិតិ និងសារពើភ័ណ្ឌដែលមានស្រាប់ហើយ បន្ទាប់មកត្រូវរៀបរៀងឲ្យបាននូវសមស្រប ទៅតាមនីតិវិធី និងផែនការជាយុទ្ធសាស្ត្រ សម្រាប់កិច្ចអភិរក្ស នូវព្រះវិហារ សំណង និងគំនូរបុរាណ។
តាមរយៈការសិក្សា និងបទពិសោធន៍នានា ក្នុងការអភិរក្ស បេតិកភ័ណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រខាងលើ អ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្ត នូវគោលការណ៍៣សំខាន់ គឺ ទី១៖ការចូលរួមឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត ក្នុងចំណោមសាធារណៈជន និងសង្គមស៊ីវិល, ទី២៖ការរៀបចំជាឯកសារ នូវបញ្ជីសារពើភ័ណ្ឌ នៃបេតិកភណ្ឌ និងធ្វើចំណាត់ថ្នាក់បេតិកភណ្ឌ ការរៀបចំប្លង់មេ និងកម្មវិធីអភិរក្សព្រះវិហារ សំណង់ និងគំនូរបុរាណដ៏សមស្របមួយ និងទី៣៖ត្រូវបន្តកិច្ចការពារ និងថែរក្សានូវគ្រប់ទម្រង់របស់ស្ថាបត្យកម្ម និងសិល្បៈរបស់យើងដែលមានស្រាប់៕