(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យម្ចាស់រថយន្តម៉ាក Toyota Highlander ពាក់ស្លាកលេខ ភ្នំពេញ 2T:9595 ដែលបើកបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើកគេចបាត់ កាលពីពេលថ្មីៗនេះ ចូលមកដោះស្រាយបញ្ហាឲ្យបានឆាប់ នៅនាយកដ្ឋាននគរបាលចរាចរណ៍។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីជនរងគ្រោះ ដែលត្រូវម្ចាស់រថយន្ត Highlander បើកបុកគូថរថយន្តពីក្រោយខូចខាតរថយន្តយ៉ាងដំណំ បានដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលចរាចរណ៍ ដើម្បីឲ្យជួយដោះស្រាយ រកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មកសងថ្លៃខូចខាតរថយន្ត។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឃឹម ភុន កេសរ ភេទស្រី អាយុ៣២ឆ្នាំ បានរៀបរាប់ហេតុការណ៍ឲ្យដឹងថា «នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅម៉ោង៧៖៥០នាទី នៅលើផ្លូវលេខ ៣៦០ កែង១១៣ ក្បែរសារមន្ទីរទួលស្លែង មានរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2T:9595 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតរបស់របស់នាងខ្ញុំផ្នែកខាងក្រោយ និងបានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនបានទទួលខុសត្រូវដោះស្រាយសងការខូចខាតឡើយ»។
នាយកដ្ឋាននគរបាលចរចរាណ៍សូមអំពានាវឲ្យម្ចាស់រថយន្ត Highlander ពាក់ស្លាកលេខ ភ្នំពេញ 2T:9595 ប្រញាប់ចូលខ្លួនមកដោះស្រាយឲ្យបានឆាប់ ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅម៉ោង២៖៣០នាទីរសៀល ឬទំនាក់ទំនងមកលេខទូរស័ព្ទ៖ 017 755 688។ ក្នុងករណីមិនចូលខ្លួនដោះស្រាយ នាយកដ្ឋាននគរបាលចរចរាណ៍នឹងចាត់វិធានការតាមនីតិវិធី៕