(ពោធិ៍សាត់)៖ ស្ថានីយ៍ផលិតទឹកពិសា O-We ចំនួន៥កន្លែង ក្នុងខេត្តពោធិ៍សាត់ ក្នុងនោះ មាននៅស្រុកក្រគរ១កន្លែង ស្រុកបាកាន២កន្លែង និងស្រុកភ្នំក្រវាញ២កន្លែង របស់គម្រោង (WorldFish) ក្រោមជំនួញថវិកាពី (Feed the future) និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា យូ.អេស.អេ.អាយ.ឌី (USAID) តាមរយៈអង្គការ (WorldFish) និងអនុវត្តដោយអង្គការទឹកស្អាត១០០១ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជារួម ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយបច្ចុប្បន្នប្រជាពលរដ្ឋធ្លាប់តែប្រើប្រាស់ទឹកកខ្វក់ ក្នុងការរស់នៅប្រចាំថ្ងៃ។
ពិធីនេះប្រារព្ធឡើងនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅបរិវេណដីវាល ស្ថិតក្នុងភូមិបឹងព្រះពន្លៃ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ឈាន វាសនា អភិបាលរងស្រុក, លោកស្រីបណ្ឌិត Sang Lee តំណាង(USAID), កញ្ញា Yumiko Kura នាយិកាអង្គការ (WorldFish), លោកស្រី ឡូវ សំណាន នាយិកាអង្គការ (ANKO), លោក Frederic នាយកអង្គការទឹកស្អាត១០០១ អាជ្ញាធរឃុំ ភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
មានមតិចូលរួម លោក Frederic នាយកអង្គការទឹកស្អាត១០០១, លោកស្រី ឡូវ សំណាន នាយិកាអង្គការ (ANKO), កញ្ញា Yumiko Kura នាយិកាអង្គការ (WorldFish) និងលោកស្រីបណ្ឌិត Sang Lee តំណាង(USAID) បានលើកឡើងថាស្ថានីយ៍ទឹកស្អាត ទាំង៥កន្លែង ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជារួមនាឱកាសនេះ ជាផ្នែកមួយនៃគម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតដំណាក់កាលទី២ ដែលផ្តោតការយកចិត្តទុកដាក់ លើការបង្កើនការផ្គត់ផ្គង់ត្រីល្អប្រសើរជាងមុន មានជីវជាតិ និងអាហាររូបត្ថម្ភ ដល់មនុស្សជាង ៩ម៉ឺននាក់។
អង្គការទឹកស្អាត១០០១ ដែលមានឯកទេស ក្នុងការផ្គត់ផ្គង់ទឹកស្អាត នឹងគ្រោងបង្កើតស្ថានីយ៍ទឹកស្អាត១០កន្លែងបន្ថែមទៀត លើខេត្តគោលដៅចំនួន៣ នាពេលអនាគត។ បើទោះបីជាគម្រោងបញ្ចប់ ក៏ដោយ សហគ្រិនភាពគំរូ នៃស្ថានីយ៍ទឹកស្អាត ក៏នឹងផ្តល់ឱកាសឲ្យអាជីវកម្មតូចៗ ដល់សហគ្រិនក្នុងស្រុក អង្គការ និងសហគមន៍ បានយល់ដឹងពីការត្រួតពិនិត្យគុណភាពទឹកជាប្រចាំ មានការប្រុងប្រយ័ត្ន និងមានទំនុកចិត្តលើទឹកដែលពួកគេកំពុងទិញ។
លោក ឈាន វាសនា អភិបាលរងស្រុកភ្នំក្រវាញ បានថ្លែងថា សមិទ្ធផលស្ថានីយផលិតទឹកស្អាត ដែលកើតមានឡើងនៅចំពោះមុខយើងនេះ វាមានសារៈសំខាន់ សម្រាប់ស្រុកភ្នំក្រវាញទាំងមូល ជាពិសេសសហគមន៍ ក្នុងឃុំផ្ទះរុង និងបណ្តាឃុំផ្សេងទៀត ក្នុងស្រុកក្រគរ និងស្រុកបាកាន។ លោកបានថ្លែងទៀតថា វិស័យអនាម័យទឹកស្អាត គឺប្រៀបបាននឹងសរសៃឈាមដ៏សំខាន់ ក្នុងការផ្តល់ផលប្រយោជន៍ជាច្រើន លើការរស់នៅប្រចាំថ្ងៃ ចូលរួមកាត់បន្ថយភាពក្រីក្រ ឆ្លើយតមតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើង ទទួលបាននូវអនាម័យទឹកស្អាត១០០% នៅឆ្នាំ២០២៥។
លោកក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ម្ចាស់ជំនួយ និងអង្គការដៃគូទាំងអស់ ដែលបានអនុវត្តគម្រោង និងផ្តល់ជំនួយជាសម្ភារៈ វគ្គបណ្តុះបណ្តាលជំនាញ បង្កើតមុខរបរក្នុងសហគមន៍ ព្រមទាំងសំណូមពរឲ្យបន្តសហការយ៉ាងស្អិតរមួត ពង្រីកស្ថានីយបន្ថែមលើឃុំព្រងិល ឃុំសន្ទ្រែ ឃុំសំរោង និងឃុំអង្គ្រង ក្នុងស្រុកភ្នំក្រវាញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ សហគមន៍ និងប្រទេស ប្រែក្លាយពីគ្មានទឹកស្អាត មកមានទឹកស្អាត ពីគ្មានអនាម័យ មកមានអនាម័យ។ ពិសេសបំផុតបរិស្ថានល្អ បរិសុទ្ធ ដល់ភូមិដ្ឋាន សហគមន៍យើង ហើយចង់ឃើញសហគមន៍មានត្រីបរិភោគ និងទឹកប្រើប្រាស់គ្រប់គ្រាន់។
លោកអភិបាលរងស្រុក ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនេះ ឲ្យបានគង់វង់យូរអង្វែង និងចូលរួមបង្កើតពូជត្រីតាមបឹង និងស្រះសហគមន៍ ព្រមទាំងជួយទប់ស្កាត់ការបំផ្លាញប្រភពទឹក ដើម្បីផលប្រយោជន៍កូនចៅយើងទាំងអស់គ្នាទៅថ្ងៃអនាគត និងបានកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ជារួម នូវស្ថានីយផលិតទឹកពិសា O-We ទាំង៥កន្លែង ក្នុងខេត្តពោធិ៍សាត់នាឱកាសនោះផងដែរ៕