(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីផែនការ ការពារក្នុងអំឡុងដំណើរការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តអាណតិ្តទី៦ ក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការចូលរួមពី លោកមេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគបាលខេត្តកំពង់ស្ពឺ ក៏បានឡើងអាននូវ ផែនការលេខ ១៤/១៨ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ដីពីពង្រាយកម្លាំងការពារ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺផងដែរ។
បន្ថែមពីនេះ លោក ព្រំ គីមថៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអានច្បាប់ស្តីពីការបោះឆ្នោត និងលើកយកខ្លឹមសារមួយចំនួនដែលពាក់ពន្ធ័ទៅ និងច្បាប់បោះឆ្នោតដូចជា៖ សិទ្ធរបស់គណបក្សនយោបាយ ពេលយុទ្ធនាការចុះឃោសនាបោះឆ្នោត ការចូលរួមអង្កេតការរាប់សន្លឹកឆ្នោត និងសកម្មភាពផ្សេងទៀត ក្នុងកិច្ចដំណើរការបោះឆ្នោត។ ដើម្បីឲ្យយល់បន្ថែមទៀត ក្នុងការអនុវត្តស្របតាមការណែរនាំ របស់គ.ជ.បក៏ដូចជាច្បាប់បោះឆ្នោត។
ជាមួយគ្នានេះ លោក វ៉ី សំណាង បានចាត់ទុកការប្រជុំនៅពេលនេះមានសារៈសំខាន់ណាស់ និងបានផ្តល់ការយល់ដឹងបន្ថែម សម្រាប់យកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប៉ុន្ដែត្រូវពង្រឹងកិច្ចសហការ ចាត់វិធានការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈគ្រប់សកម្មភាព របស់ភ្នាក់ងារ និងបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលទៅបោះឆ្នោត។
បើតាមលោកអភិបាលខេត្ត ក្រុមការងារទាំងអស់ ត្រូវចាត់ចែងតាមដានត្រួតពិនិត្យសភាពការណ៍ និងសុំអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានការអុកឡុក ការគំរាមកំហែង និងអំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឲ្យរាំងស្ទះ ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងត្រូវផ្តល់ព័ត៌មាន ឬរបាយការណ៍ជាប្រចាំ អំពីស្ថានភាពសន្តិសុខ សុវត្ថិភាពជុំវិញដំណើរការ នៃការបោះឆ្នោតឲ្យបានទៀងទាត់ ចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ត្រូវចាត់ចែងរៀបចំកិច្ចប្រជុំចម្រុះ ក្នុងគោលដៅជួបពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប និងការចាត់វិធានការណ៍ផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឲ្យបានរាល់បញ្ហាទំនាស់ ឬក៏បាតុភាពនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុ។
លោក វ៉ី សំណាង ក៏បានផ្តាំផ្ញើដល់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ត្រូវអនុវត្តឲ្យបានល្អទាំងការដឹកជញ្ជួនហិបឆ្នោត និងសន្លឹកឆ្នោតទៅការិយាល័យបោះឆ្នោត និងក្រោយពេលរាប់សន្លឹកឆ្នោត ដឹកហិបទៅទីស្នាក់ការគណៈកម្មាធិការរៀបចំបោះឆ្នោតខេត្ត កម្លាំងការពារឲ្យបានម៉ត់ចត់ ហើយលោកសង្ឃឹមថាគណបក្សនយោបាយ កម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ រួមសហការគ្នាល្អធ្វើឲ្យការបោះឆ្នោតដំណើរការដោយរលូន សេរីយុត្តិធម៌ស្របតាមបែបលទ្ធិប្រជាធិបតេយ្យ៕