(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទកាសែត ដែលធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងអង្គការ យូនីសេហ្វ បានប្រកាសរួមគ្នា ពីភាពជោគជ័យរបស់កម្ពុជា ដែលបានសម្រេចគោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទ B លើកុមារ ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ការសម្រេចបានជោគជ័យនេះ ដោយសារតែប្រទេសកម្ពុជា បានផ្ដល់វ៉ាក់សាំងថ្លើមប្រភេទ B ដល់កុមារ គ្របដណ្ដប់បាន៩៨% លើសគោលដៅកំណត់របស់អង្គការសុខភាពពិភពលោក ដែលមានត្រឹមតែ ៩៥% នេះជាផ្នែកមួយដែលជួយ ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។
លោកសាស្ដ្រាចារ្យ បានបញ្ជាក់ទៀតថា «ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា បានសម្រេចគោលដៅជាតិ និងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ ដែលជួយកាត់បន្ថយអត្រាឈឺ និងស្លាប់របស់កុមារ ដែលរួមចំណែកធ្វើឲ្យកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្ដប់សេវាសុខភាពជាសaកល និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣» ។
ប្រទេសកម្ពុជា បានសម្រេចគោលដៅជាតិ និងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច លើការផ្ដល់ថ្នាំបង្ការចំនួន៣ ដែលបានកំណត់ដោយកិច្ចប្រជុំគណៈកម្មាធិការថ្នាក់តំបន់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រួមមាន ការលុបបំបាត់ជំងឺកញ្ជ្រិល ជំងឺតេតាណូស ម្ដាយ និងទារក ដែលសម្រេចបាននៅឆ្នាំ២០១៥ រួមនឹងការសម្រេចគោលដៅ ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ នៅក្នុងឆ្នាំ២០១៨នេះ ។
ទន្ទឹមនឹងនោះ លោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា «នៅឆ្នាំ២០១៧កន្លងមកនេះ ក្រសួងបានផ្ដល់ថ្នាំបង្ការថ្លើមប្រភេបេ ក្រោមកុមារអាយុ១ឆ្នាំប្រមាណ ៣៤៨,៨៦០នាក់ និងកុមារក្រោម៥ឆ្នាំ មានចំនួន ១,៧២៥,៦១០នាក់ ហើយលោកស្រី សង្ឃឹមថា ឆ្នាំ២០១៨នេះ នឹងផ្ដល់វ៉ាក់សាំងប្រភេទបេនេះ ដល់កុមារគ្របដណ្ដប់១០០%តែម្ដង តាមរយៈការស្វែងរកកុមារដែលនៅក្នុងតំបន់ងាយរងគ្រោះ និងដើរចាក់បង្គ្រប់លើកុមារ ដែលមិនបានទទួលទៅតាមកម្មវិធីរបស់ក្រសួង»។
លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោកប្រចាំ នៅកម្ពុជា បានអបអរសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង អស់រយៈពេលមួយទស្សវត្ស ដើម្បីសម្រេចបាននូវគោលដៅ ប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ នេះ។
លោកបន្ដថា «ការសម្រេចបានគោលដៅ ប្រយុទ្ធនឹងជំងឺនេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា និងបង្ហាញថា ការផ្ដល់ថ្នាំបង្ការ ជាវិធានការបង្ការ ដ៏មានប្រសិទ្ធិភាពបំផុតហើយការរក្សាបាន នូវអត្រាគ្របដណ្ដប់ នៃការផ្ដល់ថ្នាំបង្ការ ឲ្យនៅខ្ពស់ អាចកាត់បន្ថយអត្រាជំងឺបាន» ។
លោកវេជ្ជបណ្ឌិត បានណែនាំថា ជំហ៊ានបន្ទាប់របស់យើង គឺត្រូវពង្រឹងផ្ដល់ថ្នាំបង្ការជាប្រចាំ ធានាឲ្យមានវ៉ាក់សាំង នៅគ្រប់កម្រិត រក្សានិងបង្កើនអត្រាគ្របដណ្ដប់វ៉ាក់សាំងការងារ ជំងឺរលាកថ្លើមប្រភេទបេ ដូសពេលកើត នឹងត្រូវលុបបំបាត់ ជំងឺរលាកថ្លើមគ្រប់ប្រភេទ A, B, C, D, E នៅឆ្នាំ២០៣០ខាងមុខ ។
ព្រមជាមួយគ្នានោះ លោកស្រី Natascha Paddison នាយិការរង អង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជាបានមានថ្លែងថា «ជំងឺរលាកថ្លើមប្រភេទបេ អាចការពារបានតាមរយៈការផ្ដល់វ៉ាក់សាំង ទាន់ពេលវេលា ដោយចាប់ផ្ដើមពីការផ្ដល់វ៉ាក់សាំង ទាន់ពេលវេលា ដោយចាប់ផ្ដើមពីការផ្ដល់វ៉ាក់សាំង រយៈពេល២៤ម៉ោង ក្រោយកើត។ កម្ពុជាបានរីកចម្រើនយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ រលាកថ្លើមប្រភេទបេ ហើយយើងនឹងបន្ដធ្វើការយ៉ាងជិតសិ្នទ្ធជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកក្នុងការគាំទ្រ ដល់កម្មវិធីជាតិ ផ្ដល់ថ្នាំបង្ការ ធានាវ៉ាក់សាំង ត្រូវបានផ្ដល់ដោយកុមារទាំងអស់ ហើយកុមារទាំងអស់ ត្រូវបានផ្ដល់ឱកាសរស់រានមានជីវិត រួចផុតពីជំងឺ ដែលអាចការងារបាន ដោយការផ្ដល់វ៉ាក់សំាង» ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ដ្រីបុគ្គលិកសុខាភិបាលទាំងអស់ ប្រជាជនកម្ពុជា និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានចូលរួមចំណែក ធ្វើឲ្យការងារនេះសម្រេចបានជោគជ័យ។
រដ្ឋមន្ដ្រីបានបញ្ជាក់ថា ជំងឺរលាកថ្លើម ប្រភេទបេ ជាបញ្ហាសុខភាពសកលដ៏ធំមួយ ដែលជារៀងរាល់ឆ្នាំ ដែលមានមនុស្សជិត ២៦០លាននាក់ នៅជុំវិញពិភពលោក កំពុងរស់នៅជាមួយជំងឺនេះ ហើយមានមនុស្ស៨លាននាក់បានស្លាប់ដោយសារជំងឺថ្លើម ដែលបណ្ដាលមកពីការរលាកថ្លើមប្រភេទបេនេះ ។
អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១១៥លាននាក់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច មានចំនួនជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ ស្មើនឹង៤៥% នៃជំងឺឆ្លង នៅទូទាំងពិភពលោក។ មនុស្សប្រហែល៩នាក់ ក្នុងចំណោម១០នាក់ ដែលមានជំងឺរលាកថ្លើមប្រភេទរ៉ាំរ៉ៃ មិនបានដឹងថា មានជំងឺនេះទេ រហូតដល់តែជំងឺនេះ បានវិវត្ដន៍ជ្រុលរួចទៅហើយ ៕