(សិង្ហបុរី)៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ» លោក ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយលោក ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងជំនួបនេះ អតីតនាយករដ្ឋមន្រ្តី បានរំលឹកអំពីការងារមួយចំនួន ជាមួយប្រទេសកម្ពុជាក្នុងតំណាក់កាលដែល លោកកាន់តំណែងជានាយករដ្ឋមន្រ្តី ហើយជាពិសេសលោក បានរំលឹកអនុស្សាវរីយ៍ដ៏ល្អជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា មានតែស្ថេរភាព និងសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍ ហើយលោកសង្ឃឹមថា ប្រទេសកម្ពុជា នឹងបន្តការអភិវឌ្ឍទៅមុខកាន់តែលឿននាពេលអនាគត។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋសិង្ហបុរី ដែលជានិច្ចកាលជាដៃគូចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសកម្ពុជា និងសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តរក្សាទំនាក់ទំនងល្អតទៅទៀតនាពេលអនាគត។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបូរី ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទ ពិសោធន៍ «លីក្វាន់យូរ» លើកទី ៦៤ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨៕