(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានកិតិ្តយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិបាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ ក្នុងសង្កាត់ដង្កោ។
អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់១០មុខផ្សេងទៀត ព្រមទាំងថវិកា៣ម៉ឺនរៀល។
លោកអភិបាលខណ្ឌ បាននាំការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរតែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសអ្នកជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។
ជាមួយគ្នាក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតាលោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែងមើលការអភិវឌ្ឍរីកចម្រើនរបស់ជាតិបន្តទៀត និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំដែលល្អ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខទៀត៕