(សៀមរាប)៖ ​លោក ឃឹម ប៊ុនសុង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ​ក្នុងពិធី​បើកវគ្គបំប៉នគ្រូឧទ្ទេសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ជូនដល់គ្រូឧទ្ទេស យុវជន នារី និង​គ្រូឧទ្ទេសក្រុង ស្រុក​ ដែលមានសិក្ខាកាមចំនួន១២០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ​បានលើកឡើងថា វគ្គបំប៉ននេះមាន​សារៈសំខាន់ ក្នុងការបង្កើននូវចំណេះដឹង ជូនដល់គ្រូឧទ្ទេស ដើម្បីយកទៅធ្វើការផ្សព្វផ្សាយបន្ត ដល់ភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍ ក្រុមការងារយុវជន យុវនារីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងពេលការបោះឆ្នោត និង​រាប់សន្លឹកឆ្នោត នៅតាមការិយាល័យទាំង​១​,៤៧៣ ការិយាល័យបោះឆ្នោត។

លោក​ក៏បានធ្វើការណែនាំមួយចំនួន ព្រមទាំងបានលើកនូវបញ្ហាមួយចំនួនកន្លងមក ដែលក្រុមភ្នាក់ងារ​បានអនុវត្ត និងបានលើកនូវបទពិសោធន៍ល្អៗ ដើម្បីជាទុនសម្រាប់គ្រូឧទេ្ទសទាំងអស់ សំខាន់សម្រាប់យុវជន យុវនារី ដែលជាគន្លឹះ​សំខាន់ក្នុងកិច្ចការនេះ ដែល​អ្នកបន្តវេនពីរៀបច្បង និង​ត្រូវសិក្សារៀនសូត្រពីរៀបច្បង​ផងដែរ​។

លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់​ថា គ្រប់គណបក្សនយោបាយ និងធ្វើការប្រកួតប្រជែងក្នុងការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ ដោយនៅក្នុងខេត្តសៀមរាប មានគណបក្សចំនួន​១៨​បានឈរឈ្មោះបោះឆ្នោត​។ ក្នុងនោះ ​មានគណបក្សមួយចំនួន បានកំពុងធ្វើសកម្មភាព​នៅតាមមូលដ្ឋាន ដោយបានធ្វើការផ្សព្វផ្សាយពីគោលនយោបាយ របស់គណបក្សរបស់ខ្លួនទៀតផង។

ម៉្យាងទៀតក្រុមភ្នាក់ងារទាំងអស់ ​ត្រូវតាមនូវគ្រប់រូបភាព ដែល​សកម្មភាពគណបក្សនយោបាយផ្សេងក្នុងមូលដ្ឋានខ្លួន​ និង​ត្រូវពង្រឹងខ្លួនឲ្យបានស័ក្តិសមជាមន្ត្រីល្អ ក្នុងការបង្ហាញ​ឲ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវខិតខំស្វែងយល់ ​និង​ដោះស្រាយឲ្យមានប្រសិទ្ធភាព និង​សំណូម​ពរ​​ការលំបាករបស់ប្រជាជន និង​ត្រូវធ្វើចលនាប្រជាពលរដ្ឋអនុវត្តនូវសិទ្ធិរបស់ខ្លួន ក្នុងការបំពេញតកព្វកិច្ចជាប្រជា​ពលរដ្ឋ​ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងវគ្គបំប៉ននេះ​ លោក ឃឹម ប៊ុនសុង ក៏មានសង្ឃឹមជឿជាក់ថា គ្រូឧទ្ទេសនឹងខិតខំប្រមូលផ្តុំនូវខ្លឹមសារដ៏មាន​សារៈសំខាន់ៗ ដើម្បីធ្វើការបង្ហាត់បង្ហាញ និង​សូមឲ្យសិក្ខាកាមទាំងអស់ខិតខំក្រេបយកនូវចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីយកទៅធ្វើការផ្សព្វផ្សាយបន្តនៅក្នុងមូលដ្ឋានខ្លួន​ឲ្យទទួលបានលទ្ធផលជាផ្កែផ្កា ក្នុងការការពារថែរក្សាសន្តិភាព និង​កសាងអនាគតរបស់ប្រទេសជាតិ៕