(កោះកុង)៖ កម្លាំងអាវុធហត្ថខេត្តកោះកុង បានបើកប្រតិបត្តិការ ចុះបង្រ្កាបមុខសញ្ញាជួញដូរថ្នាំញៀនមួយកន្លែង ឃាត់ខ្លួនប្តីប្រពន្ធ ដែលជាអ្នកចែកចាញថ្នាំញៀនយ៉ាងសកម្ម ដោយរឹបអូសបានសារ ធាតុញៀនចំនួន ២៥៩កញ្ចប់ថ្នាំ និងប្រភេទមេតំហេ្វរតាមីចំនួន១៦៦គ្រាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោមការសម្របសម្រួលដោយ លោក ប៊ូ ប៊ុនហាង ព្រះរាជ្ញាអមសាលាដំបូងខេត្តកោះកុង លោក នួន វុត្ថា មេបញ្ជាការរងអាវុធខេត្តកោះកុង។
លោក នួន វុត្ថា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តន៍បញ្ជារបស់ក្រសួងមហាផ្ទៃ ភូមិ-ឃុំមានសុវត្តិភាព និងមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញបានបើកប្រតិបត្តិការ ចុះបង្រ្កាបទីតាំងលក់ដូរ និងរក្សាទុកគ្រឿងញៀន១កន្លែង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ។
លោកបន្តថា ជនសង្ស័យទាំង២នាក់មាន ប្រពន្ធឈ្មោះ សុខ វិត អាយុ៤៨ឆ្នាំ មុខរបបចិញ្ចឹមក្តាម និងប្តីឈ្មោះ ត្រឹង ឌីម អាយុ៥០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។
វត្ថុតាងសមត្ថកិច្ចរឹបអូសបានមាន ថ្នាំញៀនប្រភេទមេតំហ្វេរតាមីនចំនួន ២៥៩កញ្ចប់ ស្មើនឹង ៩២.៤៧ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេរតាមីន (WY) ចំនួន១៦៦គ្រាប់ ស្មើ១៤.៩៤ក្រាម, ទូរសព្ទដៃចំនួន២គ្រឿង, និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
លោកអធិការរងបញ្ជាក់ទៀតថា ចំពោះជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការទៅតាមនីតិវិធី៕