(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប្រែង សាវុធ ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនដល់អាជ្ញាធរ កងកម្លំាងមានសមត្ថកិច្ច និងគណបក្សនយោបាយទាំង១៧គណបក្ស នៅក្នុងខេត្តកំពង់ធំ ឲ្យបានជ្រាបនូវសេចក្តីណែនាំរួមចំនួន៦ចំណុចធំៗ ដើម្បីយកទៅអនុវត្ត ក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោត។
ក្នុងកិច្ចប្រជុំប្រកាសសេចក្ដីណែនាំរួមនោះដែរ គឺធ្វើយ៉ាងណាសម្រួលដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ ដែលនឹងចូលមកដល់នៅថ្ងៃ២៩ ខែកក្កដាខាងមុខនេះ ដើម្បីធានាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្ត ទៅដោយរលូនប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។
លោក ប្រែង សារុធ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែផ្តល់កិច្ចសហការល្អ ដល់គណៈកម្មាការរៀបចំការបោះឆ្នោត ក្នុងចរាចរលិខិតស្នាមកន្លងមក និងបានបញ្ជាក់ថា ភ្នាក់ងារ និងអ្នកសង្កេតការណ៍គណបក្សនយោបាយនីមួយៗ នៅក្នុងការិយាល័យបោះឆ្នោត ត្រូវមានការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦នេះ ប្រព្រឹត្តិទៅឲ្យបានល្អ ក្នុងនោះគណបក្សនយោបាយទាំង១៧គណបក្សក្នុងខេត្តកំពង់ធំ ក៏ត្រូវអនុវត្តតាមច្បាប់របស់ គ.ជ.ប និងមានប្រតិទិនច្បាស់លាស់ ក្នុងការហែរក្បួនឃោសនាស្វែងរកសម្លេងឆ្នោត ដោយមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នៅពេលហែរក្បួនឃោសនាជួបគ្នានៅកន្លែងណាមួយ។
លោក សុខ លូ បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមកងកម្លាំងមានសមត្ថកិច្ចរួចជាស្រេច សម្រាប់ការពារនូវសុខសុវត្តិភាព ក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោត ដោយត្រូវគោរពអនុវត្តតួនាទីរបស់ខ្លួន ដែលបានកំណត់ជាពិសេស គឺការពារការិយល័យបោះឆ្នោតឲ្យបានល្អស្រប ទៅតាមច្បាប់របស់ គ.ជ.ប។
លោកបន្ថែមទៀតថា អាជ្ញាធរ និងកងកម្លំាងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល ព្រមទាំងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ដល់គណបក្សនយោបាយនានា ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនដោយស្របច្បាប់ និងស្របតាមគោលការណ៍ការណែនាំរបស់ គ.ជ.ប ដែលនឹងត្រូវផ្តល់សិទ្ធិ និងសេរីដល់គណបក្សនយោបាយទាំងអស់ ធ្វើការឃោសនាស្វែងរកសំឡេងឆ្នោត ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ក្នុងការដឹកនាំប្រទេស ដើម្បីកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលអាចថែរក្សាការពារបានកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន និងប្រជាពលរដ្ឋអាចរស់នៅបានសុខដុមរមនាផងដែរ៕