(សៀមរាប)៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា ការងារកំណាយស្រាវជ្រាវ នៅស្រះខាងជើងមុខអង្គរវត្ត ដែលទទួលបានលទ្ធផលខ្លះហើយមកដល់ពេលនេះ ជាក់ស្ដែងលទ្ធផលបឋមក្រុមការងារបានរកឃើញរចនាសម្ព័ន្ធស្រះ ដែលមានកាំជណ្តើរធ្វើអំពីថ្មបាយក្រៀមនៅតួស្រះ និងថ្មភក់នៅមាត់ស្រះ ក្រៅពីនោះមានការចាក់បង្គរដីជាស្រទាប់ៗខុសៗគ្នា ដើម្បីរក្សាស្ថេរភាពផ្ទៃស្រះទាំងមូល។
នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចការគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ អ្នកស្រី នេត ស៊ីមន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ដែលអ្នកជំនាញបានបង្ហាញពីរចនាសម្ព័ន្ធស្រះខាងជើង មុខអង្គរវត្តដែលអ្នកស្រាវជ្រាវបានជាលទ្ធផលកំណាយនោះចំនួន២ទីតាំងផងដែរ។
លោកស្រីបានបញ្ជាក់ថា សម្រាប់ទីតាំងទី១ កំពុងកំណាយមាន៣រណ្តៅជាប់គ្នា ហើយលទ្ធផលបឋមបានបង្ហាញអំពីការរៀបចំគ្រឹះ មាត់ស្រះ និងជណ្តើរ៣កាំចុះក្រោមសាងអំពីថ្មភក់ និងកាំជណ្តើរក្រោមៗទៀត ធ្វើអំពីថ្មបាយក្រៀមកប់ដីដែលមានសភាពទ្រុឌទ្រោមខូចខាតរូបរាងក្នុងទម្រង់មិនច្បាស់លាស់ ពិបាកសន្និដ្ឋានថាជាកាំជណ្តើរឬជាដីបុកបង្ហាប់ធ្វើជាបាតស្រះ។
អ្នកស្រីបានបញ្ជាក់ទៀតថា តាមរយៈការសិក្សាស្រទាប់ដីនេះ បានបង្ហាញទម្រង់ពិសេសៗ៣ចំណុចសំខាន់ៗផងដែរ ដែល៣ចំណុចនោះរួមមាន៖
ទី១. ការចាក់បង្គរដីយ៉ាងធំនៅផ្ទៃខាងក្រៅស្រះ ដែលបានបុកបង្ហាប់ឆ្លាស់គ្នា ដោយមានស្រទាប់ថ្មបាយក្រៀមលាយដីឥដ្ឋ លាយថ្មភ្នំ ស្របតាមបណ្តោយមាត់ស្រះ រីឯផ្ទៃខាងក្រោម មានការបុកបង្ហាប់ជាមួយដីខ្សាច់លាយដីឥដ្ឋ លាយថ្មបាយក្រៀម។
ទី២. រចនាសម្ព័ន្ធស្រះទាំងមូលបានរៀបកាំជណ្តើរថ្មភក់នៅមាត់ស្រះ ព្រមទាំងរៀបថ្មបាយក្រៀមផ្នែកខាងក្រៅនៅបាតស្រះមានការបុកបង្ហាប់ដី មានខ្សាច់លាយថ្មភ្នំ នៅស្រទាប់នេះ ដែលពិបាកកំណត់តួនាទី នៃការប្រើប្រាស់ដោយសារថ្មភ្នំ និងថ្មបាយក្រៀមមានការពុកផុយជាអន្លើៗ។
ទី៣. ការចាក់បង្គរសម័យថ្មី រកឃើញកំណាត់ឈើ បន្ទះក្តារប្រើប្រាស់សម័យមុន និងលាយឡំដោយសម្ភារៈសម័យថ្មី។ បន្ទាប់ពីបញ្ចប់គម្រោងកំណាយរណ្តៅទីមួយនេះ ក្រុមការងារនឹងបន្តកំណាយនៅស្រះផ្នែកខាងកើតឆៀងខាងត្បូងដែលជារណ្តៅទី២បន្តទៀត។
សូមបញ្ជាក់ដែរថា ការធ្វើកំណាយនេះមានគោលបំណងលើកតម្លៃស្រះ ដែលជាផ្នែកមួយនៃស្ថាបត្យកម្មប្រាសាទអង្គរ ទម្រង់ស្ថាបត្យកម្មប្រាសាទសម្រាប់ការពង្រឹងជួសជុលលើសោភណ្ឌភាពស្រះ និងទម្រង់ទស្សនីយភាពទេសចរ។
គួររំឭកផងដែរថា កន្លងមកស្រះខាងជើង និងខាងត្បូងមុខអង្គរវត្តត្រូវបានបំផ្លាញដោយធម្មជាតិ នៅក្នុងឆ្នាំ១៩២០-២១ សាលាបារាំងចុងបូព៌ា មានលោក HENRI Machal (ហង់រី ម៉ាហ្សាល់) បានធ្វើកំណាយ និងជួសជុលឡើងវិញ បន្ទាប់មកនៅឆ្នាំ២០០៥-២០០៧ ក្រុមការងារបុរាណវិទ្យា ក៏បានសិក្សារចនាសម្ព័ន្ធស្រះខាងត្បូងរកឃើញជណ្តើរចំនួន៦កាំដែលមានស្ថានភាពល្អ និងជណ្តើរថ្មបាយក្រៀមពុកផុយ និងបាតគ្រឹះមានសភាពនៅល្អនៅឡើយ៕