Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្អែកនេះ គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជប្រកាសទទួលស្គាល់ លោក ញឹក ប៊ុនឆៃ ជាប្រធានបក្សជំនួសលោក សឹង្គ គិរី

08-06-2018 15:46

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ គណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជប្រកាសទទួលស្គាល់ លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្សជំនួសលោក សឹង្គ គិរី វិញបន្ទាប់ពីលោកត្រូវបានតុលាការ ដោះលែងឱ្យក្រៅឃុំបណ្ណោះអាសន្ន ដើម្បីស្រង់ប្រជាប្រិយភាពបក្សឡើងវិញ សម្រាប់ការចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ នៅ​ចុង​ខែ​ក្រោយ។

បើតាម លោក សឹង្គ គីរី, ទីតាំងសមាជប្រគល់តួនាទីជូនលោក ញឹក ប៊ុនឆៃ នឹងធ្វើឡើងនៅក្នុងគេហដ្ឋានផ្ទាល់របស់លោក ​ស្ថិតនៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ដោយបើកទូលាយឱ្យភ្នាក់ងារប្រព័ន្ធផ្សព្វជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន បានជាធម្មតា។

លោក សឹង្គ គីរី បានថ្លែងយ៉ាងដូច្នេះថា «គណបក្សខ្មែររួបរួមជាតិ គ្រោងប្រគល់តួនាទីប្រធានបក្សឱ្យទៅលោក ញឹក ប៊ុនឆៃ វិញនៅថ្ងៃទី៩ ខែមិថុនា ប៉ុន្តែមិនដឹងថា លិខិតស្នាមធ្វើទាន់ ឬមិនទាន់»។

សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ លោក ញឹក ប៊ុនឆៃ អតីត​ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៧​ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការចោទប្រកាន់ចំនួន២បទល្មើស​រួមមានពីបទ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧៕