(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋចំការមន លោក Panyarak Poolthup ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលយល់ឃើញថា ការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខរបស់ប្រទេសជារឿងសំខាន់ និងជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
លោកឯកអគ្គរាជទូត Panyarak Poolthup បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលយល់ឃើញថា ការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខរបស់ប្រទេស គឺជារឿងសំខាន់ និងជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ការប្រើប្រាស់ច្បាប់ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស គឺមានសារៈសំខាន់ក្នុងការបង្គាប់បញ្ជា កិច្ចការទាំងឡាយ របស់ប្រទេសឲ្យបានល្អ»។
ជាមួយគ្នានេះដែរ លោកឯកអគ្គរាជទូត បានថ្លែងកោតសរសើរ ចំពោះការរីកចម្រើនគ្រប់វិស័យនៅកម្ពុជា។
ជាកិច្ចឆ្លើយតប លោក អ៊ឹម ឈុនលឹម បានថ្លែងអំណរគុណ ចំពោះការគាំទ្រកម្ពុជាក្នុងការអនុវត្តច្បាប់ ក្នុងកិច្ចការថែរក្សាសន្តិភាព និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ។ លោកបានលើកឡើងថា សព្វថ្ងៃនេះ គឺជាការប្រពៃណាស់ដែលប្រទេស និងប្រជាជនកម្ពុជា-ថៃ មានទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការល្អ ប្រកបដោយផ្លែផ្កា មានការចែករំលែកទៅវិញទៅមកនូវការអភិវឌ្ឍ ពិសេសមានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តការល្អរវាងថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលទាំងពីរ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជារូបនេះ បានបន្ថែមថា ដោយឡែករវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងប្រសើរផងដែរ។
លោក អ៊ឹម ឈុនលឹម បានបន្តថា នៅក្នុងបរិបទនៃទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អនេះ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ក៏ត្រៀមខ្លួនជាស្រេចក្នុងការចូលរួម ក្នុងកិច្ចសហប្រតិបត្តិការ តាមគ្រប់លទ្ធភាពដែលអាចមាន ជាពិសេសនឹងយកចិត្តទុកដាក់បន្ត នូវទំនាក់ទំនងសហប្រតិបត្តិការ ដែលចាប់មានតាំងពីឆ្នាំ២០០៤កន្លងមក រវាងក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសទាំងពីរ ដែលកាលនោះ លោកសាស្ត្រាចារ្យបណ្ឌិត Kramol Tongdhamachart ប្រធានតុលាការធម្មនុញ្ញថៃ បានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ច នៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងបានធ្វើសិក្ខាសាលារួមគ្នានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីគំនិតផ្តួចផ្តើមផែនការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការរ វាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ។
លោក អ៊ឹម ឈុនលឹម សង្ឃឹមថា ក្នុងអាណត្តិរបស់លោកឯកអគ្គរាជទូតថ្មី ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រីក កាន់តែរឹងមាំថែមទៀត ពិសេសដើម្បីឈានទៅសម្រេចគោលដៅបង្កើន ទំហំទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង៣ដង គឺដល់១៥០០០លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ដូចដែលលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា បានលើកឡើងក្នុងឱកាសនៃសម័យប្រជុំចម្រុះគណៈរដ្ឋមន្ត្រីកម្ពុជា-ថៃ នៅថៃ្ងទី៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ៕