(កំពង់ធំ)៖ នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដោយផ្អែកទៅលើយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋភិបាល និងផែនការរបស់ក្រសួងសុខាភិបាល ដែលត្រូវលុបបំបាត់ មិនឲ្យមានអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់នៅឆ្នាំ២០២០ និងលុបបំបាត់ជំងឺគ្រុនចាញ់ ទាំងស្រុងនៅឆ្នាំ២០២៥។
ក្នុងការអញ្ជើញចូលរួមនេះដែរ បានផ្ដល់នូវមុងជ្រលក់ថ្នាំ ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៤៥៦គ្រួសារ នៅភូមិអន្លង់ក្រាញ់ ឃុំពពកស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ទូច ផល្លា ប្រធានកម្មវិធីគ្រុនចាញ់ថ្នាក់ខេត្ត បានធ្វើរបាយការណ៍សម្រាប់ការិយាល័យសុខាភិបាល ប្រតិបត្តិស្ទោង ដែលគ្រប់គ្រងស្រុកចំនួន២ គឺស្រុកស្ទោងមានចំនួន ៤ឃុំ និងស្រុកប្រាសាទបល្ល័ង្កមានចំនួន ៥ឃុំ ជាសរុបមានចំនួន
៣៤ភូមិ មាន ៧,១០១គ្រួសារ ចែកមុងចំនួន ១៨,០០០មុង និងមុងអង្រឹង ៧,១០១។
លោកបានបន្តថា នៅក្នុងឆ្នាំ២០១៨ ចាប់ពីខែមករា ដល់ខែមេសា មានការទទួលបានការព្យាបាលជំងឺគ្រុនចាញ់ចំនួន ៣២៣ករណី កើនឡើង២៥៦ករណី បើធៀបនឹងរយៈពេល៤ខែ ក្នុងឆ្នាំ២០១៧ ដែលមានតែ៦៧ ករណី គឺគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយ។
លោក ហួន វ៉ាន់និត អភិបាលរងខេត្តបានលើកឡើងថា គោលដៅធំៗដើម្បីទប់ស្កាត់នឹងជម្ងឺគ្រុនចាញ់ត្រូវបង្កើនការយល់ដឹងពីជំងឺគ្រុនចាញ់ ដល់សហគមន៍ និងជំរុញឲ្យមានការកែប្រែនូវទំលាប់ក្នុងការស្វែងរកការព្យាបាល បង្កើននូវមធ្យោបាយការពារជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់មុងជ្រលក់ថ្នាំសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ខ្ពស់ ជាពិសេសប្រជាជនចល័ត បង្កើននូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រុនចាញ់ឲ្យបានទាន់ពេលវេលា និងពង្រឹងនូវសមត្ថភាពគ្រប់គ្រងជំងឺគ្រុនចាញ់ ដល់មន្ត្រីសុខាភិបាលថ្នាក់ខេត្ត-ស្រុក និងសហគមន៍។
លោកបានលើកឡើងបន្តថា ជំងឺគ្រុនចាញ់ គឺជាជំងឺឆ្លងដែលអាចព្យាបាលបាន ដូចនេះវិធានការល្អប្រសើរបំផុត គឺសម្រាកក្នុងមុងជ្រលក់ថ្នាំ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ដែលបានទាមទារឲ្យមានការប្រឹងប្រែងពីមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងកិច្ចសហការចូលរួមពីអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិនអាចខ្វះបាន។
លោកបន្ថែមទៀតថា ចំពោះបងប្អូនប្រសិនបើសង្ស័យថាមានកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ទៅមណ្ឌលសុខភាពភ្លាមដើម្បីពិគ្រោះជំងឺ និងទទួលការព្យាបាលឲ្យបានទាន់ពេលវាលា ហើយសម្រាប់បងប្អូនដែលទទួលបានមុងជ្រលក់ថ្នាំនោះ សូមយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដោយគិតគូពីបញ្ហាសុខភាពជាចំបង៕