(ភ្នំពេញ)៖ លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចំអកឱ្យ ទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិឱ្យដេកមើលធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិឡើងវិញឱ្យបានច្បាស់ មុននឹងទៅបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិ បដិសេធអសនៈកម្ពុជា។

មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកធ្វើសន្និសីទកាសែត ពាក់ព័ន្ធនឹងករណីកម្ពុជា បានជាប់ជាអនុប្រធាននៃ មហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៣។ លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា ក្នុងនាមយើងជាខ្មែរ មិនថាអស់លោកដែលជាសមាជិក ជាប្រធានគណបក្សប្រឆាំង ឬមិនប្រឆាំងខ្ញុំមិននិយាយទេ ព្រោះអ្នកដែលទាមទារឱ្យដេញខ្មែរ ពីអង្គការសហប្រជាជាតិ គឺខ្មែរហ្នឹងឯងលោក សម រង្ស៊ី ជាពិសេស»

ត្រង់ចំណុចនេះ លោក អ៊ូច បូរិទ្ធ បានចោទសួរទៅទណ្ឌិត សម រង្ស៊ី អំពីស្មារតីស្នេហាជាតិរបស់លោក និងបក្ខពួកដែលជាអតីតគណបក្សប្រឆាំង ដែលតែងតែនិយាយអួតក្អែងក្អាង ប្រាប់ប្រជាជនខ្មែរថា ស្រឡាញ់ខ្មែរ ស្រឡាញ់ប្រទេសជាតិ តែទីបំផុតអ្វីដែលក្រុមនេះធ្វើគឺទាមទារឱ្យបរទេសនានា កាត់ផ្តាច់ជំនួយ​​ មិនឱ្យទិញផលិតផលពីប្រទេសកម្ពុជាជាដើម។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ បានបញ្ជាក់ថា «អង្គការសហប្រជាជាតិ មិនធ្វើតាមទង្វើដ៏ស្មោកគ្រោក របស់ទណ្ឌិត សម រង្ស៊ី ហើយកុំស្រមើលស្រមៃដេកយល់សុបិន ទៀតឱ្យសោះ គឺអត់ទេ»។ ជាមួយគ្នានេះលោកបានបន្តថា បញ្ហាសំខាន់បំផុតសូមទណ្ឌិត សម រង្ស៊ី ទៅមើលនៅក្នុងចំណុចទី៧ មាត្រាទី២ នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ គឺបានចែងយ៉ាងច្បាស់ណាស់ អំពីការមិនអនុញ្ញាត ឱ្យអង្គការសហប្រជាជាតិជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងដែលនៅក្រោមយុត្តិធិការ «ក្រោមច្បាប់ប្រទេសម្ចាស់ផ្ទះ» គឺមានចែងយ៉ាងច្បាស់ណាស់ចំពោះបញ្ហានេះ»

រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជារូបនេះ បានបន្តថា ទាំងនេះឬជាអ្នកស្នេហាជាតិ គឺបំផ្លាញជាតិទៅវិញ ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ពលករ ពលការិនីយ៉ាងច្រើនផងដែរ ដោយសារទង្វើរបស់ក្រុមរបស់ទណ្ឌិត សម រង្ស៊ី និងបានជាន់ពន្លិចញើសឈាម ការខិតខំប្រឹងប្រែងរបស់កម្មករ កម្មការិនីខ្មែរនៅតាមបណ្តាលរោងចក្រនីមួយៗផងដែរ។ ថ្មីៗនេះទណ្ឌិត សម រង្ស៊ី បានដើរទៅទាមទារឱ្យអង្គការសហប្រជាជាតិ បដិសេធអាសនៈកម្ពុជា នៅអង្គការសហប្រជាតិ ទាំងនេះឬដែលជាស្មារតីស្នេហាជាតិរបស់ទណ្ឌិត សម រង្ស៊ី។

លោក អ៊ូច បូរិទ្ធ បានសង្កត់ធ្ងន់ៗថា អង្គការសហប្រជាជាតិ មិនមែជាអង្គការនៅក្រោមការគ្រប់គ្រងដឹកច្រមុះរបស់ទណ្ឌិត សម រង្ស៊ី នោះទេ ហើយក៏ជាអង្គការមួយមិនមែន នៅក្រោមការដឹកនាំរបស់ប្រទេសណាមួយនោះទេ។

លោក អ៊ូច បូរិទ្ធ បានបញ្ជាក់ទៀតថា អញ្ចឹងសូមឱ្យទណ្ឌិត សម រង្ស៊ី ដែលជាអ្នកបញ្ញវន្តនៅស្រុកបារាំង តាំងខ្លួនជាអ្នកស្នេហាជាតិ សូមដេកមើលធម្មនុញ្ញរបស់អង្គការសហប្រជាជាតិម្តងទៀត មុននឹងនិយាយបញ្ចុះបញ្ចូលដល់អង្គការសហប្រជាជាតិ រឿងបដិសេធអសនៈកម្ពុជានោះ៕