(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) និងគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានសហការគ្នាមួយ ដើម្បីរៀបចំវេទិកាស្ដីពី «សក្ដានុពល នៃទីផ្សារឧបករណ៍និស្សន្ទ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា» ដើម្បីផ្ដល់ចំណេះដឹង លើការវិនិយោគផ្នែកឧបករណ៍និស្សន្ទ ដល់សាធារណជន។
វេទិកានេះ នឹងប្រព្រឹត្តទៅនាពេលរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក គណៈប្រតិភូនៃ គ.ម.ក ថ្នាក់ដឹកនាំនៃក្រុមហ៊ុន CDX និងអ្នកជំនាញបរទេស ផ្នែកហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ ច្រើនឆ្នាំ ជាលក្ខណៈអន្តរជាតិ មកពីបណ្ដាប្រទេសជាច្រើន រួមមានប្រទេសអូស្រ្តាលី, ប្រទេសអង់គ្លេស និងប្រទេសឥណ្ឌូនេស៊ីជាដើម។
ជាមួយគ្នានេះ សាធារណជនជាច្រើនរូប បាននិងកំពុងចុះឈ្មោះ ដើម្បីចូលរួមវេទិកាឧបករណ៍និស្សន្ទ ក្នុងគោលបំណងស្វែងយល់ និងទទួលបានចំណេះដឹងពិតប្រាកដ លើការជួញដូរឧបករណ៍និស្សន្ទ (ការជួញដូរឧបករណ៍និស្សន្ទ គឺការជួញដូរហាងឆេងមាស ប្រាក់ ប្រេងឆៅ និងរូបិយប័ណ្ណបរទេសតាមរយៈប្រព័ន្ធអេឡិចត្រូនិច) ក៏ដូចជាចាប់យកឱកាស វិនិយោគផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន CDX បានដំណើរការក្រុមហ៊ុនរបស់ខ្លួន ដោយប្រមូលផ្ដុំ ដោយអ្នកមានជំនាញ និងបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុ នាំមកនូវស្ដង់ដារអន្តរជាតិ មកកម្ពុជា ជាពិសេសទទួលបានការគាំទ្រ ទាំងស្រុងនូវទស្សនវិស័យ ក៏ដូចជាបេសកកម្មរបស់ គ.ម.ក។
ក្រុមហ៊ុន CDX តែងតែចូលរួមជាមួយ គ.ម.ក ក្នុងការចែករំលែក និងផ្ដល់ចំណេះដឹងទៅដល់ ពលរដ្ឋកម្ពុជា អំពីការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈវេទិកា សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជាវេទិកានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុនជាដើម។
កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង លើកកម្ពស់ការអប់រំលើវិស័យ ឧបករណ៍និស្សន្ទ និងផ្ដល់ឱកាសឲ្យ សាធារណជនបានយល់ពី
ការជួញដូរឲ្យបាន កាន់តែច្បាស់តាមរយៈ អ្នកជំនាញជាតិ និងអន្តរជាតិ គ.ម.ក ក៏ដូចជាក្រុមហ៊ុន CDX។
សម្រាប់សាធារណៈជន ដែលមានបំណងចូលរួម សូមអញ្ជើញចុះឈ្មោះ តាមរយៈទូរស័ព្ទលេខពីរខ្សែ៖ ០២៣ ២២ ៧៧ ៧៧ ឬ ០១២ ២២ ៨៤ ៨៩៕