(ភ្នំពេញ)៖ ស្ថាប័នហិរញ្ញវត្ថុ ប្រូប៉ាកូ (PROPACO) ដែលជាបុត្រសម្ព័ន្ធ របស់ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) ជំនាញលើការអភិវឌ្ឍវិស័យឯកជន បានសម្រេចផ្តល់ហិរញ្ញប្បទានចំនួន១៤លានដុល្លារដល់ក្រុមហ៊ុន ហ្គោលដេនរ៉ាយស៍ (Golden Rice) ដែលជាដៃគូដ៏យូរលង់ និងជាក្រុមហ៊ុនផលិតនិងនាំចេញអង្ករក្រអូប ដ៏ធំមួយរបស់កម្ពុជា។

កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរី។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនានេះ បានបញ្ជាក់ថា ជំនួយនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Golden Rice ពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន ព្រមទាំងអាចផលិត ថាមពលអគ្គិសនី១មេហ្កាវ៉ាត់បន្ថែមទៀត (ដើរដោយការដុតអង្កាម)។ ជំនួយនេះក៏ជាការលើកទឹកចិត្ត ដល់បច្ចេកវិទ្យាបង្កើតថ្មី និងលើកស្ទួយការប្រើប្រាស់ ថាមពលកកើតឡើងវិញ ដែលនឹងរួមចំណែក ដល់ការកាត់បន្ថយការចំណាយ លើថាមពលរបស់ក្រុមហ៊ុន Golden Rice។

សូមបញ្ជាក់ថា Golden Rice ជាក្រុមហ៊ុនបង្កើតក្នុងឆ្នាំ២០០៩ ដែលមានជំនាញ ក្នុងការកែច្នៃ និងនាំចេញអង្ករក្រអូប មានគុណភាពខ្ពស់ពិសេសអង្ករផ្កាម្លិះ។ ជំនាញនេះបានបង្កើត ឱ្យមានទីផ្សារធំៗថ្មីៗសម្រាប់ក្រុមហ៊ុន ដែលបច្ចុប្បន្ននាំចេញភាគច្រើន ទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី។

ហិរញ្ញប្បទានថ្មីនេះ ជាកម្ចីទី៣ ដែល PROPACO បានផ្តល់ឱ្យក្រុមហ៊ុន Golden Rice បន្ទាប់ពីការផ្តល់កម្ចី ដំបូងចំនួន៧លានដុល្លារ នៅក្នុងឆ្នាំ​២០០៩ ជាពេលដែលក្រុមហ៊ុន ទើបចាប់ផ្តើមដំណើរការ និងកម្ចីមួយទៀតចំនួន ១០លានដុល្លារ នៅឆ្នាំ២០១៣ ដើម្បីទ្រទ្រង់កំណើន
និងពង្រីកទីផ្សាររបស់ក្រុមហ៊ុន៕