(ភ្នំពេញ)៖ ក្នុងឱកាសជួប ពិភាក្សាការងារជាមួយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ២០១៨ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឥណ្ឌាគ្រោងនឹង​ ផ្ដល់ឥណទានសម្បទានចំនួន២០លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់ខ្សែរបញ្ជូនអគ្គិសនីនៅក្នុងខេត្តចំនួនពីរ រួមមានខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។

ក្នុងឱកាសនៃជំនួបនេះ លោកទេសរដ្ឋមន្រ្ដីបានឲ្យដឹងថា «គិតចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌា បានផ្តល់ឥណទានសម្បទានចំនួន១១២លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ ជាច្រើននៅកម្ពុជារួមមាន៖ គម្រោងផ្គត់ផ្គង់ម៉ាស៊ីនបូមទឹក, គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងតាសាល,​ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីពីខេត្តក្រចេះដល់ខេត្តស្ទឹងត្រែង, និងគម្រោងអភិវឌ្ឍន៍ ធនធានទឹកស្ទឹងស្វាហាប់។ ហើយនាពេលខាងមុខនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្តល់ឥណទានសម្បទានចំនួន២០លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនីពីក្រុងសួង ខេត្តត្បូងឃ្មុំ ទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង»

លោកទេសរដ្ឋមន្ត្រី បានបន្ដទៀតថា ប្រទេសទាំងពីរកម្ពុជា និងឥណ្ឌា មានទំនាក់ទំនង ខាងវប្បធម៌ជាយូរលង់ ណាស់មកហើយ។ ចំណងការទូត មិត្តភាព និងកិច្ច- សហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក៏ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងនោះកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក៏មានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត Manika Jain បានលើកឡើងថា ផ្អែកតាមលទ្ធផល ប្រកបដោយផ្លែផ្កានៃ ដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសឥណ្ឌា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាបាន បង្ហាញនូវជំហរបន្តជួយដល់ រាជរដ្ឋាភិបាលកម្ពុជា ទៅតាមតម្រូវការ និងជាពិសេសលើវិស័យណា ដែលប្រទេសឥណ្ឌាមាន សក្តានុពលខ្ពស់ដូចជា វិស័យកសិកម្ម, អប់រំ, សុខាភិបាល និងព័ត៌មានវិទ្យា។

លោកស្រីឯកអគ្គរដ្ឋទូត បន្ដទៀតថា បច្ចុប្បន្ននេះអ្នកវិនិយោគឥណ្ឌា ជាច្រើនកំពុងមានចំណាប់អារម្មណ៍ និងស្វែងរកកាលានុវត្តភាព
ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា៕