(សៀមរាប)៖ គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសមាគមច្បាប់អាស៊ាន នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ បាននិងកំពុងធ្វើឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨។
មុនកិច្ចប្រជុំនេះ នៅវេលាម៉ោង០៤៖០០ រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា ដែលមានលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃកម្ពុជា ជាប្រធាន បានទទួលជួបប្រធានសមាគមច្បាប់អាស៊ាន នៃបណ្ដាលប្រទេសអាស៊ាន រួមមាន៖ ហ្វីលីពីន សឹង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ដើម្បីជម្រាបជូនពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលនៃកម្ពុជាក្នុងការបង្កើតសមាគមច្បាប់អាស៊ានកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងក្របខណ្ឌអាស៊ាន និងពិភពលោក។
ជាការឆ្លើយតប ប្រធានសមាគមច្បាប់នៃបណ្ដាប្រទេសអាស៊ាន បានថ្លែងការកោតសរសើរចំពោះគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលនៃកម្ពុជា ដែលបានខិតខំបង្កើត ឲ្យគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាននេះឡើង នៅចុងឆ្នាំ២០១៧ ស្របពេលដែលប្រទេសអាស៊ានទាំងអស់ បាននឹងកំពុងអនុវត្ដសកម្មភាពការងារនេះ យ៉ាងសកម្ម។
គូសបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដើម្បីបង្កើតគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដែលមានប្រធានគណៈមេធាវីនៃកម្ពុជា ជាប្រធាន អនុប្រធានអចិន្ដ្រៃយ៍ និងសមាជិកមួយចំនួនតាមការចាំបាច់។
គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជានេះ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ក្នុងការបង្ហាញពីទិដ្ឋភាពច្បាប់របស់កម្ពុជា លើឆាកអន្ដរជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងទាក់ទាញវិនិយោគគិន៕