(ព្រះសីហនុ)៖ ករណីផ្ទុះហ្គាសសម្រាប់បង្រៀនផ្សារបច្ចេកទេស របស់សាលាបច្ចេកទេស «ដុនបូសស្កូ» ស្ថិតក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានបណ្តាលឲ្យមេជាងក្រឡឹងម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្សចំនួន៨នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រាះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។
ស្នងការនគរបាលខេត្ដព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់មួយនេះ បណ្ដាលឲ្យស្លាប់ម្នាក់ ឈ្មោះ សេង សារ៉ាត់ អាយុ៣៥ឆ្នាំ ជាគ្រូបង្រៀនផ្នែកបច្ចកទេសក្រឡឹង និងផ្សារ។
ដោយឡែក ជនរងគ្រោះ៨នាក់ផ្សេងទៀត ទី១៖ឈ្មោះ អៀង សុធា អាយុ៤២ឆ្នាំ មុខរបរសិស្ស, ទី២៖ឈ្មោះ ជុំ វណ្ណជិន អាយុ២៩ឆ្នាំ, ទី៣៖ឈ្មោះ នូច វណ្ណា អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ សយ គឹមហ៊ូ អាយុ២០ឆ្នាំ មុខរបរមេកានិច, ទី៥៖ឈ្មោះ ស្ងួន សារ័ត្ន អាយុ២០ឆ្នាំ, ទី៦៖ឈ្មោះ ម៉ូង វណ្ណៈ អាយុ២០ឆ្នាំ, ទី៧៖ឈ្មោះ ម៊ី សុភា អាយុ២០ឆ្នាំ និងទី៨៖ឈ្មោះ សាំង ភារិត អាយុ២០ឆ្នាំ។ អ្នករបួសទាំងអស់ក្រោយសម្រាកព្យាបាលនៅគ្លីនិកសេតេ ក្នុងសង្កាត់២ ក្រុងព្រះសីហនុ រហូតមកដល់ម៉ោង១០៖០០នាទីយប់ ពួកគាត់បានចេញពីគ្លីនិកទៅលំនៅដ្ឋានរៀងៗខ្លួន។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា តាមការបំភ្លឺសិស្សដែលកំពុងរៀននៅកន្លែងកើតហេតុ ឈ្មោះ លី ប៊ុនឡេង អាយុ១៩ឆ្នាំ មុខរបរសិស្សផ្នែកយន្តសាស្ត្រ បច្ចុប្បន្នស្នាក់នៅក្នុងសាលា បានឲ្យដឹងថា ខ្លួនកំពុងតែសិក្សាស្រាប់តែឮសំលេងផ្ទុះយ៉ាងខ្លាំង ពេលនោះខ្លួនបានចេញមកមើលឃើញរោងជាងរបស់គ្រូ សារ៉ាត់ (សាកសព) ខូចខាតទាំងស្រុង ហើយរូបគាត់បានស្លាប់ និងមានអ្នករងរបួសជាច្រើនទៀត។
តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិសាស្ត្រ បានឲ្យដឹងថា ការផ្ទុះនេះ គឺបណ្តាលមកពីផ្ទុះធុងខ្យល់ផ្សារ ដោយកំដៅក្បាលមាន់ដែលជាងផ្សារ ទៅប៉ះធុងខ្យល់ បណ្តាលឲ្យធុងខ្យល់រីកមាឌរួចផ្ទុះតែម្តង និងបានរកឃើញក្បាលរ៉ូមានេធុងខ្យល់អុកស៊ីហ្សែន និងធុងខ្យល់ហ្គាស គឺឃើញខ្យល់ឡើងដល់១៧០គីឡូ នៅក្នុងធុងនោះ វាលើសធ្វើឲ្យក្បាលមាន់ដែលជាងផ្សារជះកំដៅទៅដល់ធុងហ្គាស ដោយមិនដឹងខ្លួនធ្វើឲ្យធុងខ្យល់រីកមាឌអាចផ្ទុះបាន។
សូមជម្រាបថា សាលាបច្ចេកទេសដុនបូសស្កូ អ្នកគ្រប់គ្រង និងជានាយកសាលាឈ្មោះ យូជីន ខាល់កូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឥណ្ឌា រីឯនាយករងសាលាឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ៕