(កោះកុង)៖ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ ក្នុងការព្យាបាលប្រជាពលរដ្ឋ នៅពេលពួកគាត់ចូលសម្រាកក្នុងមន្ទីរពេទ្យ និងត្រូវមានក្រមសីលធម៌ខ្ពស់ ក្នុងការអនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួន។
ការជំរុញរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលដូចនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងសាលប្រជុំរបស់មន្ទីរសុខាភិបាលខេត្តកោះកុង ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ។
លោកសាស្រ្តាចារ្យ ធា គ្រុយ បានលើកឡើងបន្តថា «ក្នុងនាមយើងជាគ្រូពេទ្យ មានកាតព្វកិច្ចក្នុងការជួយសង្រ្គោះមនុស្ស នៅពេលពួកគាត់មានជំងឺនៅប្រការផ្សេងៗ យើងត្រូវយកចិត្តទុកដាក់ទៅអ្នកជំងឺ មិនត្រូវធ្វើការលំៗ យកតែរួចខ្លួនទេ ត្រូវមានភាពស្និទ្ធស្នាល និងត្រូវធ្វើការពន្យល់គាត់ឲ្យច្បាស់ ហើយក៏មិនត្រូវធ្វើទៅតាមបញ្ជារ របស់ក្រុមគ្រួសារអ្នកអ្នកជំងឺដែរ ព្រោះគាត់មិនមែនជាគ្រូពេទ្យទេ ដូច្នេះមានតែក្រុមគ្រូពេទ្យ ដែលដឹងពីប្រភេទជំងឺ និងស្ថានភាពជំងឺគាត់ បើស្ថានភាពធ្ងន់ធ្ងរខ្លាំង ហើយហួសពីសមត្ថភាពយើង ត្រូវបញ្ជូនគាត់ទៅរាជធានីភ្នំពេញ ដើម្បីជួយសង្រ្គោះ និងព្យាបាលបន្ត»។
លោកសាស្រ្តាចារ្យបានបន្តថា សូមឲ្យលោកប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ ធ្វើការផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ ក្នុងប្រការដែលអ្នកជំងឺ ចូលមកសម្រាកក្នុងមន្ទីរពេទ្យ បើប្រជាពលរដ្ឋក្រីក្រចូលមកសម្រាកក្នុងមន្ទីរពេទ្យ គឺរដ្ឋាភិបាលចេញថ្លៃសេវាឲ្យពួកគាត់ ហើយសូមឲ្យពួកគាត់បញ្ជាក់ពីមេភូមិ មេឃុំ ឬចៅសង្កាត់បន្តិចមកថា គាត់ពិតជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ព្រោះរាល់ថ្ងៃរាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើពួកគាត់ខ្លាំងណាស់។
លោកសាស្ត្រាចារ្យបានបញ្ជាក់បន្ថែមថា ក្រុមលោកគ្រូពេទ្យត្រូវយកចិត្តដាក់ក្នុងការងារ គោរពតួនាទីពេលវេលាម៉ោងធ្វើការ ជាពិសេសក្នុងការប្រចាំការនៅផ្នែកនីមួយៗ ត្រូវមានគ្រូពេទ្យប្រចាំការជាប់គ្រប់ម៉ោង ព្រោះបញ្ហាអ្នកជំងឺយើងមើលមិនឃើញ គឺមានគ្រប់ពេលវេលាដែលកើតឡើង។
លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានលើឡើងថា ក្នុងនាមលោកជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមលោកគ្រូអ្នកគ្រូពេទ្យតែងតែ អនុវត្តន៍នូវប្រសាសន៍ របស់ថ្នាក់ដឹកនាំជានិច្ច ហើយខិតខំបំពេញកាតព្វកិច្ចជាគ្រូពេទ្យមិនមានការធ្វេសប្រហែសបន្តិចឡើយ ហើយក្នុងផ្នែកនីមួយៗមានការ ប្រចាំការណ៍ជាប់ ជានិច្ច២៤ម៉ោងលើស២៤ម៉ោង ហើយមានគ្រូពេទ្យប្រចាំការណ៍ជាប់ ចំពោះក្រមសីលធម៌របស់ក្រុមលោកគ្រូពេទ្យ គឺអនុវត្តន៍បានល្អមិនមានអ្វី ថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋឡើយ។
លោកបានបញ្ជាកទៀតថា ចំពោះសេវាក្នុងការព្យាបាល លោកបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាម ប្រព័ន្ធផ្សព្វផ្សាយនឹងធ្វើការពន្យល់ផ្ទាល់ នៅពេលគាត់ចូលមក សម្រាក់ក្នុងមន្ទីរពេទ្យ ដោយមិនឲ្យគាត់ភ័យខ្លាចអត់លុយបង់ថ្លៃសេវាទេ ព្រោះរដ្ឋជាអ្នកចេញថ្លៃសេវាឲ្យបើប្រជាពលរដ្ឋនោះក្រីក្រពិតប្រាកដមែន៕