(ហៃឡុងជាំង-ចិន)៖ រដ្ឋបាលខេត្តចំនួន២របស់កម្ពុជា មានខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ បានលើកបង្ហាញពីសមិទ្ធផល និងស្នាដៃល្អៗជាច្រើន នៅក្នុងទិវាលើកកម្ពស់វិស័យទេសចរណ៍អាស៊ាន-ជប៉ុន និងកូរ៉េខាងត្បូង ក្រោមប្រធានបទ «ការលើកកម្ពស់វិស័យទេសចរណ៍នៅទីក្រុងហាប៊ីន អាស៊ាន និងជប៉ុន» រយៈពេល៦ថ្ងៃ នៅទីក្រុងហាប៊ីន នៃខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន។
ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍នេះ ធ្វើឡើងនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងនោះ រដ្ឋបាលខេត្តទាំងពីរ បានសម្តែងការសប្បាយរីករាយយ៉ាងក្រៃលែង ដែលរដ្ឋបាលក្រុងហាប៊ីន ប្រទេសចិន អញ្ជើញចូលរួមកម្មវិធីនេះ។
ភ្នាក់ងារព័ត៌មាន Fresh News បានបន្តថា គណៈប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ដឹកនាំដោយលោក អោម ចាន់ថា អភិបាលរងខេត្ត លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត។ ចំណែកឯរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ។
គណៈប្រតិភូកម្ពុជា បានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិសៀមរាប (សម្រាប់រដ្ឋបាលខេត្តបន្ទាយមានជ័យ) និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ) ដោយបានចុះចតនៅព្រលានយន្តហោះអន្តរជាតិក្វាងចូវ និងបន្តឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិហាប៊ីន។
សូមបញ្ជាក់ថា រដ្ឋបាលក្រុងហាប៊ីន ប្រទេសចិន ក្នុងឆ្នាំ២០១៨នេះ បាននិងកំពុងប្រារព្ធទិវាខួបលើកទី៤០ នៃការកែទម្រង់របស់ប្រទេសចិន និងការបើកទូលាយ ដែលនឹងត្រូវរៀបចំដំបូងនៃខួប៥០ឆ្នាំ លើកទី២ សម្រាប់អាស៊ាន និងខួបលើកទី១៥ នៃភាពជាដៃគូរយុទ្ធសាស្ររវាងចិន និងអាស៊ាន ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន។
ជាមួយគ្នានោះ រដ្ឋបាលក្រុងហាប៊ីន ក៏បានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្រោមប្រធានបទ «ការលើកកម្ពស់វិស័យទេសចរណ៍នៅទីក្រុងហាប៊ីន អាស៊ាន និងជប៉ុន» ចាប់ពីថ្ងៃទី៧-១១ ខែមិថុនា ឆ្នាំ២០១៨ ផងដែរ៕