(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ប្រជាការពារភូមិជាកម្លាំងស្នូលក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងនៅជិតពលរដ្ឋជាងគេ។
លោកបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារទាំង៣ឃុំ របស់ស្រុកសំរោងទង ដែលមានប្រជាការពារសរុបចំនួន៦៨៣នាក់ ហើយការជួបសំណេះសំណាលនេះ ធ្វើឡើងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកសំរោងទង ខេត្តកំពុងស្ពឺ
លោក វ៉ី សំណាង បានលើកឡើងបន្តថាកម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម សហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថាកិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច ។
លោកអភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំប្រកបដោយសុវត្ថិភាព ពិសេសគឺ ចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។
ហើយដោយមានការគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ធ្វើឲ្យយើងអាចរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងធ្វើឲ្យភាពក្រីក្រក្នុងមូលដ្ឋានបានថយចុះមួយកម្រិតផងដែរ ។
លោកបានសង្កត់ធ្ងន់ថា សន្តិភាពនេះរកបានមកដោយលំបាក ក្រោមការតស៊ូប្តូរផ្តាច់យកជីវិតទៅប្តូរ យកសន្តិភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកប្រទេសដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសជាតិ តាំងបាតដៃទទេរ នាំមកការរីកចម្រើនលើគ្រប់វិស័យទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ។
ក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់ប្រជាការពារភូមិទាំងអស់ផងដែរ ៕