(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញមកបំភ្លឺថា ពុំមានការឈូសតូបលក់ដូររបស់អាជីវករ នៅផ្សារផល្លារាត្រីអង្គរ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីបើកផ្លូវទំហំ០៩ម៉ែត្រ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល និងកិច្ចសន្យាកន្លងមករវាងម្ចាស់ក្បាលដី ជាមួយរដ្ឋបាលខេត្តសៀមរាប សម្រាប់បម្រើឲ្យផលប្រយោជន៍សាធារណៈនោះទេ។
សេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើឡើងបន្ទាប់ពី មានការលើកឡើងថា អាជ្ញាធរខេត្តសៀមរាប ចង់ឈូសតូបលក់ដូរ ដើម្បីបើកផ្លូវនៅក្នុងផ្សារផល្លារាត្រីអង្គរ ដែលមានម្ចាស់ឈ្មោះ ប៉ិល ហូលី ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
រដ្ឋបាលខេត្តសៀមរាប បានរៀបរាប់ថា កាលពីដើមទីតាំងក្បាលដីលេខ៤៤៨ និង៦៣៩ ដែលមានម្ចាស់ឈ្មោះ ប៉ិល ហូលី (ដីផ្សារផល្លារាត្រីអង្គរ) នេះគឺជាទួលកប់ខ្មោច ដែលមានឈ្មោះថា គោកកុមារ។ ក្រោយឆ្នាំ១៩៧៩មក ឈ្មោះ ជា សុផល បានកាន់កាប់ និងអាស្រ័យផលលើដីនេះ រហូតដល់ឆ្នាំ១៩៩២ ហើយបានដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ បន្ទាប់មកឈ្មោះ ជា សុផល បានបិទផ្លូវដែលប្រជាពលរដ្ឋធ្លាប់បានប្រើប្រាស់កន្លងមក។ នៅឆ្នាំ១៩៩៧ ឈ្មោះ ជា សុផល បានផ្ទេរសិទ្ធិកាន់កាប់ឲ្យឈ្មោះ ចាប ចំរើន ហើយក្នុងឆ្នាំ២០០៣ ឈ្មោះ ចាប ចំរើន បានផ្ទេរសិទ្ធិកាន់កាប់បន្ដឲ្យឈ្មោះ ប៉ិល ហូលី។
ក្រោយពីផ្លូវនេះត្រូវបានបិទ ប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ផ្លូវនេះ បានធ្វើការប្ដឹងតវ៉ាមកអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាបន្ដបន្ទាប់ រហូតដល់ ទីតាំងក្បាលដីខាងលើនេះ ត្រូវបានប្រកាសជាតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ (LMAP) ហើយនៅឆ្នាំ២០១០ គណៈកម្មការរដ្ឋបាល បានសម្រេចកំណត់ បើកទំហំផ្លូវ ០៩ម៉ែត្រ ចាប់ពីមុខក្បាលដីរបស់ឈ្មោះ ប៉ិល ហូលី (ដីផ្សារផល្លារាត្រីអង្គរ) រហូតដល់ផ្លូវព្រំប្រទល់ភូមិស្ទឹងថ្មី ក្នុងគោលបំណងបញ្ចៀសការកកស្ទះចរាចរណ៍ និងបង្ការគ្រោះអគ្គិភ័យជាយថាហេតុ ព្រមទាំងបង្កើតឲ្យបានជាបណ្ដាញផ្លូវប្រទាក់ក្រឡាគ្នា។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖