(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកប្រទេសស៊ុយអែត នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា តាមរយៈក្រុមហ៊ុនបញ្ជាទិញ និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា។
លោកថ្លែងបែបនេះ នៅក្នុងជំនួបសវនាការជាមួយលោកស្រី ម៉ារៀ សាគ្រីន ឯកអគ្គរាជរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។ ភាគីទាំងពីរក៏បានលើកឡើងពីគម្រោង និងទំនាក់ទំនងវិជ្ជាជីវៈ ដែលកន្លងមកបានអនុវត្តប្រកបដោយជោគជ័យ ព្រោះជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់លោកស្រីឯកអគ្គរាជទូត ដែលបានគាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងការរៀបចំទម្រង់សិក្សាស្រាវជ្រាវលើទីផ្សារការងារនៅកម្ពុជា។ សម្រាប់ថ្ងៃនេះដែរ ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនូវលទ្ធផលអង្កេតនិយោជកស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧ និងរបាយការណ៍ស្តីពីទស្សនវិស័យការងារកម្ពុជា ឆ្នាំ២០១៨ ដែលជាផ្លែផ្កានៃការសិក្សាស្រាវជ្រាវ ហើយទិន្នន័យទាំងឡាយដែលចេញពីការស្រាវជ្រាវនេះ ពិតជាផ្តល់នូវប្រយោជន៍ដ៏ធំណាស់សម្រាប់ការរៀបចំខ្លួនរបស់យុវជន ក៏ដូចជាការរៀបចំគោលនយោបាយនានា។
លោកស្រីឯកអគ្គរាជទូត បានលើកឡើងថា ដោយបានការអនុញ្ញាតពីក្រសួងការងារ និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថានទូតនាពេលកន្លងមក បានធ្វើឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ និងរឹងមាំ ពិសេសកិច្ចសហការជាមួយ NEA លើគម្រោងការផ្តល់កិច្ចសិក្សាស្រាវជ្រាវ លើវិស័យការងារ ក៏ដូចជាកិច្ចសហការទៅលើគម្រោងមួយចំនួនទៀតផងដែរ។
លោកស្រីបានបញ្ជាក់ថា ទាក់ទិននឹងទីភ្នាក់ងារជាតិ និងមុខរបរ និងការងារវិញ លោកស្រីមើលឃើញថា រយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺមានការវិវត្តប្រកបដោយភាពវិជ្ជមាន ដោយមានសកម្មភាពជាច្រើនបានធ្វើកន្លងមក។ លោកស្រីសន្យាថា គាំទ្រ និងចូលរួមរាល់សកម្មភាពរបស់ NEA ជាបន្តទៅទៀត។
ក្រៅពីនេះ លោកស្រី ម៉ារៀ ក៏បានរំឭកពីសារសំខាន់នានានៃរបាយការណ៍អង្កេតទាំងពីរ ដែលនឹងដាក់ជូនផ្សព្វផ្សាយនៅថ្ងៃនេះ ដែលមានការបន្ស៊ីគ្នារវាងតម្រូវការជំនាញ និងតម្រូវការទីផ្សារ ដែលកំពុងតែមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញដល់យុវជនឱ្យមានការយល់ដឹងពីទីផ្សារការងារនៅកម្ពុជា៕