(រតនគិរី)៖ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ អាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីអាវុធហត្ថចំនួន ២នាក់ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ព្រមទាំងមានការចូលរួមពីលោកមេបញ្ជាការរង, មន្ត្រីអាវុធហត្ថមន្ទីរជំនាញ, មេបញ្ជាការ អ-ហ មូលដ្ឋានស្រុក-ក្រុង ចំណុះឲ្យទីបញ្ជាការ អ-ហ ខេត្តរតនគិរី។
លោកអនុសេនីយ៍ឯក ជិន វណ្ណឃីន នាយការិយាល័យបុគ្គលិក អានសេចក្តីសម្រេចតែងតាំងមុខងារ និងតម្លើងឋានន្តរស័ក្តិជូននាយទាហាន នៃកងរាជអាវុធហត្ថចំនួន២នាក់ គឺលោកវរសេនីយ៍ទោ ហោ ជាទៅវរសេនីយ៍ឯក និងទី២លោកវរសេនីយ៍ទោ ផាន់ សុផាត ជាមេបញ្ជាការរង អ-ហ ខេត្តរតនគិរី។
មានមតិផ្តាំផ្ញើក្នុងអង្គពិធីខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានធ្វើការផ្សព្វផ្សាយសេចក្តីប្រកាស អន្តរក្រសួងរួមមាន ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីការគ្រប់គ្រងផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតជូនដល់មន្ត្រី អ-ហ ទាំងអស់។
បន្ថែមលើនេះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានណែនាំមន្ត្រី អ-ហ ដែលទើបបំពាក់ស័ក្តិ និងតែងតាំងមុខតំណែងថ្មី ត្រូវមានសាមគ្គីភាព, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលថ្នាក់លើប្រគល់ភារកិច្ចជូន។
ជាមួយគ្នានេះដែរ អង្គភាព អ-ហ ខេត្តក្រោមការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ អ-ហ លើផ្ទៃប្រទេស បានធ្វើផ្ទាំង Hot Line ចែកជូន អ-ហ មូលដ្ឋានស្រុក-ក្រុង ដាក់តាមទីប្រជុំជនងាយស្រួល ប្រជាពលរដ្ឋទំនាក់ទំនងជួយអន្តរាគមន៍ពេលមានហេតុការណ៍កើតឡើងផ្សេងៗ៕