Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ផ្តល់ស្បៀងជូនពលរដ្ឋជាង៥០០នាក់ ដែលមានជីវភាពខ្វះខាត និងបន្តដោះស្រាយទុក្ខកង្វល់ពលរដ្ឋបានជាច្រើនករណី (Video inside)

07-06-2018 19:33

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជាង៥០០នាក់ មកពីបណ្តាស្រុកក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់ ដែលខ្លះមានជីវភាពខ្វះខាត និងខ្លះទៀតមានមុខរបរមិនពិតប្រាកដ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ បានមកទទួលស្បៀងដោយផ្ទាល់ ពីលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីចូលរួមចំណែក ចែករំលែកទៅតាម ស្ថានភាពជាក់ស្តែង ក្នុងការជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសជនចាស់ជរាគ្មានទីពឹង បានយកទៅទទួលទានបានមួយគ្រា។

ថ្លែងនៅក្នុងពិធីសំណេះសំណាលលោក ម៉ៅ ធនិន បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងពាក់ហើយ លោកមិនដែលធ្វើព្រងើយនោះទេ ជាក់ស្តែងប្រជាពលរដ្ឋជាង៥០០គ្រួសារខាងលើនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា។ លោកបានគូសបញ្ជាក់ថា ការដោះស្រាយជាបឋមនេះ មិនអាចឱ្យបងប្អូនយកទៅទទួលទានបានច្រើនថ្ងៃនោះទេ គឺគ្រាន់តែដោះស្រាយបានមួយគ្រាប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនរកទទួលទានដោយខ្លួនឯង ទើបធ្វើឱ្យជីវភាពគាប់ប្រសើរ។

លោកបានបន្ថែមថា យើងបានជួបជុំគ្នា មើលឃើញពីសមិទ្ធិផលធំៗទូទាំងខេត្ត ក៏ដូចទូទាំងប្រទេសនាពេលនេះ គឺដោយសារសង្គមជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ម្យ៉ាងវិញទៀត ត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងនោះរួមទាំងក្រុមគ្រួរសារ របស់លោក និងលោកស្រីផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះលោកអភិបាលខេត្ត ដែលពួកគាត់មានសមាជិកថ្មីម្នាក់ទៀត ប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះលោក ម៉ៅ ធនិន បានបន្តដោះស្រាយទុក្ខកង្វល់ ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងគ្នា នៅសាលប្រជុំតូចនៃសាលាខេត្តពោធិ៍សាត់ផងដែរ៕