(ភ្នំពេញ)៖ បន្ទាប់ពីលទ្ធផលអង្កេតការណ៍ស្ដីពីកង្វះ និងគម្លាតជំនាញក្នុងទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧ បង្ហាញថា ព័ត៌មានអំពីទីផ្សារការងារដែលផ្សព្វផ្សាយទៅកាន់អ្នកស្វែងរកការងារធ្វើ ហាក់នៅមិនទាន់ទូលំទូលាយរួចមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ នឹងសហការជាមួយប្រទេសស៊ុយអែត ដើម្បីអនុវត្តយន្តការពង្រីកព័ត៌មានការងារ ឱ្យដល់អ្នកស្វែងរកការងារ ពិសេសយុវជនកាន់តែធំជាងមុន។
ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយលទ្ធផលអង្កេតនិយោជកស្តីពី កង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧ និងរបាយការណ៍ស្តីពីទស្សនវិស័យការងារ ឆ្នាំ២០១៨ ក្រោមអធីបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងលោកស្រី ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
របាយការណ៍ទាំងពីរនេះ ត្រូវបានធ្វើការអង្កេត វិភាគ បោះពុម្ព និងផ្សព្វផ្សាយដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ ក្រោមគម្រោងស្តីពី ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា ផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងអនុវត្តដោយទីភ្នាក់ងារផ្តល់សេវាការងារសាធារណស៊ុយអែត (Arbetsformedlingen)។
លោកស្រី ម៉ារៀ សាគ្រិន បានលើកឡើងថា «ប្រទេសស៊ុយអែត តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណស៊ុយអែត បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ តាំងពីឆ្នាំ២០១២ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជន។ ជាក់ស្តែង របាយការណ៍ទាំងពីរដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ។ វាគឺជាប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន និងមានសារប្រយោជន៍សម្រាប់អ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជនអាចស្វែងរកការងារបានកាន់តែល្អប្រសើរ នាពេលខាងមុខ»។
លោក អ៊ិត សំហេង បានបន្តថា លទ្ធផលនៃការធ្វើអង្កេតនេះពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពទីផ្សារការងារ នាពេលបច្ចុប្បន្ន ទៅដល់ភាគីពាកព័ន្ធនានា និងរួមចំណែកពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារនៅកម្ពុជាទាំងមូលឲ្យដំណើរការពេញលេញ ពិសេសយុវជន និងអ្នកស្វែងរកការងារអាចត្រៀមខ្លួនបានកាន់តែប្រសើរ ស្របតាមតម្រូវការរបស់ទីផ្សារការងារ។ ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពពេញលេញទូទាំងប្រទេស នាំឲ្យកម្ពុជាបន្តទាក់ទាញបាននូវវិនិយោគិនកាន់តែល្អ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ នាំឱ្យកម្ពុជាអាចបង្កើតការងារថ្មីកាន់តែប្រសើរជាច្រើន និងបន្តរក្សាការងារដែលមានស្រាប់ជូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលដល់អាយុធ្វើការចំនួនប្រមាណ ៣សែននាក់ ក្នុងមួយឆ្នាំៗ។ កត្តានេះនាំឱ្យកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះ មានអត្រាមានការងារធ្វើខ្ពស់រហូតដល់កម្រិត ៩៩.៣% ស្មើនឹងប្រមាណជិត១០លាននាក់ ហើយអត្រាគ្មានការងារធ្វើត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាប ០.៧%។
លោកថ្លែងថា ក្នុងចំណោមអ្នកមានការងារធ្វើសរុបទាំងអស់មានចំនួនជិត ១.៥លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ជាង២.៤លាននាក់ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ជាង៤លាននាក់ នៅក្នុងវិស័យកសិកម្ម, ១.២លាននាក់ ធ្វើការនៅក្រៅប្រទេស, និងចំនួនជាង០.៥លាននាក់ ជាមន្រ្តីសាធារណៈ។
ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ច សង្គមដ៏ឆាប់រហ័សនេះ នាំឲ្យទីផ្សារការងារនៅកម្ពុជាមានជីវភាពខ្លាំង ដែលបណ្តាលឲ្យមានការកើតឡើងនូវកង្វះ និងគម្លាតជំនាញ ដោយសារយន្តការគាំទ្រដោយលំហូរព័ត៌មានរវាងភាគីពាក់ព័ន្ធ ជាពិសេសអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល មិនទាន់ត្រូវបានអភិវឌ្ឍល្អពេញលេញ។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខិតខំដោះស្រាយ តាមរយៈការអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម ដោយបង្កើតឱ្យមានឡើងនូវប្រព័ន្ធព័ត៌មានទីផ្សារការងារជាតិមួយ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលដើរតួនាទីក្នុងការប្រមូល វាយតម្លៃ និងផ្តល់ព័ត៌មានទីផ្សារទូលំទូលាយ សំដៅធ្វើឱ្យមានតម្លាភាពទូទាំងប្រទេស ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារការងារ ផ្តល់ភាពងាយស្រួលឆាប់រហ័សដល់អ្នកស្វែងរកការងារ និងនិយោជកក្នុងការទទួលបានព័ត៌មាន និងការផ្គូរផ្គងរវាងឱកាសការងារ និងដំណឹងជ្រើសរើសកម្លាំងពលកម្ម ព្រមទាំងផ្តល់ការគាំទ្រផ្សេងទៀត ដើម្បីជួយឱ្យទីផ្សារការមានដំណើរការកាន់តែប្រសើរ។
យោងតាមលទ្ធផលអង្កេតនិយោជកលើកទី៤ ស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារ ឆ្នាំ២០១៧នេះ បង្ហាញថា ៧៧.៩% នៃនិយោជកនៅក្នុងវិស័យសណ្ឋាគារ និងការស្នាក់នៅកំពុងជួបបញ្ហាលំបាកក្នុងការជ្រើសរើសបុគ្គលិក។ ចំណែកឯវិស័យដទៃទៀត គឺស្ថិតក្នុងអត្រា ៦៤.១% ក្នុងវិស័យឡូជីស្ទីកនិងការដឹកជញ្ជូន, សុខាភិបាល ៥៨.៣%, អប់រំ និងបណ្តុះបណ្តាល ៥៣.០%, កែច្នៃម្ហូបអាហារ និងភេសជ្ជៈ ៥១.៧%, ហិរញ្ញវត្ថុ និងធានារ៉ាប់រង ៥០.៧%, ព័ត៌មានវិទ្យា ៣៦.៥%, សំណង់ ៣៤.៤%, វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ២០.៩%, និងផលិតកម្មកៅស៊ូ និងផ្លាស្ទីក ៧.៣%។ កត្តាចម្បងដែលនាំឱ្យនិយោជកជួបប្រទះការលំបាក ក្នុងការជ្រើសរើសកម្លាំងពលកម្មគឺបណ្តាលមកពីបេក្ខជនគ្មានជំនាញបច្ចេកទេសតាមតម្រូវការ, មានការប្រកួតប្រជែងខ្លាំងក្នុងចំណោមនិយោជក ក្នុងការជ្រើសរើស, កង្វះបពិសោធន៍ការងារ និងបេក្ខជនដាក់ពាក្យស្វែងរកការងារមានចំនួនតិច។ ជំនាញសំខាន់ៗដែលអ្នកស្វែងរកការងារមានការខ្វះខាត រួមមាន៖ ជំនាញភាសាបរទេស, ជំនាញបច្ចេកទេស, ការបម្រើសេវាអតិថិជន, ការនិយាយស្តី, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា, និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។
ទន្ទឹមនេះ ទិន្នន័យដែលប្រមូលបានពីការអង្កេតនេះបានផ្តល់លទ្ធភាពឱ្យ NEA ធ្វើការវិភាគព្យាករណ៍ និងផលិតជារបាយការណ៍មួយទៀតស្តីពី ទស្សនវិស័យការងារកម្ពុជា ឆ្នាំ២០១៨ ដែលបង្ហាញអំពីការវិវត្តរបស់ទីផ្សារការងារនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើឱកាសការងារតាមប្រភេទនៃមុខរបរ។ លទ្ធផលនៃរបាយការណ៍នេះបានបង្ហាញថា ប្រភេទការងារដែលអាចឲ្យអ្នកស្វែងរកការងារងាយនឹងទទួលបាននោះ មានដូចជាវិស្វករឧស្សាហកម្ម និងផលិតកម្ម, វិស្វករទូរគមនាគមន៍, អ្នកឯកទេសផ្នែកវិទ្យុសាស្រ្ត និងថតកាំរស្មីអ៊ិច, អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់, អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក, ជាងធ្វើកញ្ចក់, ជាងដំឡើងបំពង់ទុយោ និងបំពង់បង្ហូរ និងអ្នកតម្លើងម៉ាស៊ីនយានយន្ត។ សម្រាប់ព័ត៌មានលម្អិត សាធារណជនអាចចូលគេហទំព័ររបស់ NEA (www.nea.gov.kh/kh/nea/survey) ដើម្បីទាញយករបាយការណ៍ទាំងពីរនេះ៕