Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសសេចក្តីសម្រេចសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំចំនួន២១រូប, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់សកម្មភាព បង្កចលាចលនៅមូលដ្ឋាន

07-06-2018 19:30

(កំពង់ធំ)៖ លោក​ សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានជំរុញទៅកាន់កាន់សមាជិក សមាជិកាដែលទទួលភារកិច្ចថ្មី និងតែងតាំងមុខតំណែងថ្មី ជាសមាជិក គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ចំនួន២១រូប​​ ត្រូវខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋ ត្រូវចាត់ចែង និងបែងចែកពេលវេលាចុះមូលដ្ឋាន ឲ្យបានកើនឡើងទ្វេរដង ចុះឲ្យដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីសាកសួរសុខទុក្ខពួកគាត់ ដោយធ្វើការផ្សព្វផ្សាយពីសមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំ។

លោកថ្លែងថា សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំទាំងអស់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់គណបក្ស ឲ្យមានភាពរីកចម្រើន និងមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងនោះ សមាជិក របស់គណបក្សដែលនៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជា៖ លោកមេឃុំ លោកមេភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ ខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត»។

ជាមួយគ្នានេះ លោកប្រធានគណបក្សខេត្តបាន ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោតជ្រើស តាំង តំណាងរាស្ត្រអាណត្តិទី៦នេះ រួមទាំងការទប់ស្កាត់សកម្មភាព បង្កចលាចលនៅមូលដ្ឋានផងដែរ។ បន្ថែមលើសពីនេះទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយនានា ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួន ដោយស្របច្បាប់ និងស្របតាមគោលការណ៍ការណែនាំរបស់ គ.ជ.ប ដែលនឹងត្រូវផ្តល់សិទ្ធិ និងសេរីដល់គណបក្ស នយោបាយទាំងអស់ ធ្វើការឃោសនាស្វែងរកសម្លេងឆ្នោត ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងពិធីនោះដែរ លោក សុខ លូ បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកាទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្ត ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋកន្លងមក និងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា កុំបីអាកខានឡើយ៕