(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៥១៣គ្រឿង រកឃើញល្មើសច្បាប់៥០៣គ្រឿង (ម៉ូតូ៦៣ភាគរយ) អប់រំ២៨៨គ្រឿង និងផាកពិន័យ២១៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,៥៦៩គ្រឿង អប់រំ៩គ្រឿង និងផាកពិន័យចំនួន ២០៥គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥៥៦គ្រឿង
ដែលជិះបញ្ច្រាស់ មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៩,៦០៨គ្រឿង រកឃើញយានយន្តល្មើស ២,៩៨៣គ្រឿង (ម៉ូតូ៦៩ភាគរយ) ក្នុងនោះអប់រំ១,២៦៧គ្រឿង និងផាកពិន័យ១,៧១៦គ្រឿង (ម៉ូតូ៩៨%)៕