(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោកស្រី Boungnong BOUPHA ប្រធានក្រុមប្រឹក្សា ភិបាល នៃវិទ្យាស្ថានសុខភាពសាធារណៈ ប្រទេសឡាវ បានស្នើឲ្យកម្ពុជាបន្ដបញ្ជូនសិស្ស-និស្សិត និងមន្ដ្រីរាជការ ទៅសិក្សាផ្នែកសុខាភិបាល នៅប្រទេសឡាវ ឲ្យបានកាន់តែច្រើន។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ខាងលើនេះ បានរៀបចំធ្វើឡើងនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាល។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវិស័យសុខាភិបាល នៃប្រទេសឡាវ និងវិស័យសុខាភិបាល នៃប្រទេសកម្ពុជា។
មុននឹងចាប់ផ្ដើមកិច្ចជំនួបពិភាក្សាការងារ លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានសម្ដែងនូវកិច្ចស្វាគមន៍ និងបានថ្លែងនូវអំណរគុណ ដែលកន្លងមកប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយគ្នា ហើយបានរក្សានូវប្រពៃណី ទំនៀមទំលាប់ល្អ ដូចជាមិត្ដភក្ដិ ភូមិផងរបងជាមួយគ្នា។
លោកស្រី Boungnong BOUPHA បានជំរាបជូនថា ដំណើរទស្សនកិច្ចរបស់លោកស្រី នាពេលនេះ គឺស្របពេលទៅនឹងប្រទេសឡាវ អបអរសាទរនូវខួបអនុស្សាវរីយ៍ លើកទី៥០ នៃការបង្កើតវិទ្យាស្ថានវិជ្ជសាស្ដ្រត្រូពិច ដែលវិទ្យាស្ថាននេះ បានរៀបចំឡើង ដោយមានការជួយឧបត្ថម្ភគាំទ្រ ពីទីភ្នាក់ងារអន្ដរជាតិអភិវឌ្ឍន៍សាកល នៃសាធារណរដ្ឋបារាំង។
ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសុខភាពសាធារណៈ ប្រទេសឡាវ រូបនេះ ក៏បានជម្រាបជូន លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង ផងដែរថា វិទ្យាស្ថាននេះ បានធ្វើការជ្រើសរើសនៅ សិស្ស-និស្សិត មួយចំនួន ដើម្បីចូលរួមបន្ដការសិក្សា ផ្នែកសុខភាពសាធារណៈ ក៏ដូចជាផ្នែកវិជ្ជសាស្ដ្រត្រូពិច។
លោកស្រី បានលើកឡើងថា កន្លងមកមានសិស្ស-និស្សិតកម្ពុជា ចំនួន១៧នាក់ រួចហើយ បានទៅសិក្សានៅទីនោះ។ ក្នុងនោះ ក៏មានសិស្ស-និស្សិត ប្រទេសវៀតណាម ចំនួន៤០នាក់ និងសិស្ស-និស្សិត មកពីប្រទេសអាហ្វិក ចំនួន៣នាក់ និងសិស្ស-និស្សិត នៅបណ្ដាលប្រទេសមួយចំនួនទៀត ទៅសិក្សានៅទីនោះផងដែរ។
ជាមួយគ្នានោះ លោកស្រី ស្នើសុំឲ្យមានកិច្ចសហប្រតិបត្ដិការ រវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយប្រទេសឡាវ ឲ្យមានការបញ្ជូន សិស្ស-និស្សិត ក៏ដូចជា មន្ដ្រីរាជការ ដែលមាន បំណងចង់ស្វែងរកការបណ្ដុះបណ្ដាលបន្ថែមទៀតនៅទីនោះ។
លោកស្រី Boungnong BOUPHA ក៏បានស្នើសុំ ស្វែងរកកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលកម្ពុជា ជាមួយនឹងវិទ្យាស្ថានវិជ្ជសាស្ដ្រត្រូពិច របស់ប្រទេសឡាវផងដែរ។
ឆ្លើយតបទៅនឹងសំណើរសុំនេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណ ដល់វិទ្យាស្ថាននេះ ក៏ដូចជាប្រទេស ដែលនិយាយភាសាបារាំងទាំងអស់ ដែលតែងតែជួយគាំទ្រ និងជ្រុំជ្រាយទៅដល់កម្មវិធីបណ្ដុះបណ្ដាល ដល់សិស្ស-និស្សិត នៅក្នុងវិស័យសុខាភិបាល។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានលើកឡើងថា លោកនឹងជំរុញឲ្យនិស្សិតកម្ពុជា មានការខិតខំរៀនសូត្រ ជាពិសេស គឺរៀនភាសាទាំងពីរ មិនមែនរៀនតែភាសាបារាំងនោះទេ ប៉ុន្ដែត្រូវតែរៀនភាសាបារាំង និងភាសាអង់គ្លេស។
ជាពិសេសទៀត លោករដ្ឋមន្ដ្រី បានថ្លែងថា «យើងអាចនឹងពិនិត្យទៅលើ ការផ្លាស់ប្ដូរនៃការសិក្សារវាងនិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ជាមួយនឹងសិស្សនិស្សិត នៅដែលសិក្សានៅវិទ្យាស្ថានវិជ្ជសាស្ដ្រត្រូពិចឡាវនេះ ផងដែរ»។
សូមបញ្ជាក់ថា ក្នុងខែកញ្ញា រឺក៏ក្នុងខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ វិទ្យាស្ថានវិជ្ជសាស្ដ្រត្រូពិច ប្រទេសឡាវ នឹងមានការរៀបចំ កម្មវិធីបណ្ដុះបណ្ដាលមួយជំនាន់ទៀត ដែលជាជំនាន់ទី១៩៕