(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយទីចាត់ការហ្វឹកហ្វឺន​អគ្គបញ្ជាការ បានអញ្ជើញជាអធីបតី បើកវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់ក្រុមបាញ់កាំភ្លើងដៃ កងទ័ពជើងគោក AARM. AASAM. BISAMM ឆ្នាំ2018 នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក (ស្រែខ្លុង) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ លោក​ឧត្តមសេនីយ៍ឯក ស៊្រុន សារឿន មេបញ្ជាការរង​កងទ័ពជើងទឹក និងជាមេបញ្ជាការបញ្ជាការដ្ឋានកោះឆ្នេររួចមក លោកឧត្តមសេនីយ៍ទោ អ៊ួន សារឿន នាយសេនាធិការរងកងទ័ពជើងគោក នាយការិយាល័យហ្វឹកហ្វឺន បានឲ្យដឹងថា ការបើកវគ្គហ្វឹកហ្វឺននេះ បានរៀបចំឡើងដោយមានកិច្ចសហការ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក ជាមួយ​បញ្ជាការដ្ឋានការពារកោះឆ្នេរ ដើម្បីជ្រើសរើសក្រុមបាញ់បាញ់កាំភ្លើងដៃ កងទ័ពជើងគោក នៃ​ខ.ភ.ម ឆ្នាំ២០១៨ និងត្រៀមបន្តទៅហ្វឹកហាត់ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល០១ខែ និងត្រៀមទៅចូលរួមប្រកួត បាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ាន លើកទី២៨ (AARM28/2018) នៅប្រទេសម៉ាឡេស៊ី។​

វគ្គហ្វឹកហ្វឺន មានរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយមានកម្លាំងចំនួន​១៣២នាក់ ក្នុងផែនការ​១២០នាក់។ ការហ្វឹកហាត់បានផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ រួមមាន៖ យោធា, អប់រំចិត្តសាស្ត្រ, ជំនាញកាំភ្លើងដៃ, វិញ្ញាសារកាំភ្លើងវែង-ខ្លី, កាំភ្លើងការប៊ីន, កាំភ្លើងយន្ត និងវិញ្ញាសារបាញ់បច្ចេកទេសលក្ខណៈពិសេស។

លោកឧត្តមសេនីយ៍ទោ អ៊ួន សារឿន បានបញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ប្រកួតបាញ់ជំរុះ យើងនឹងជ្រើសរើសយកអ្នកបាញ់ពូកែ ចំនួន​៥៥នាក់ ដែលមានសមត្ថភាព និងគោរពវន័យល្អ ដើម្បីបន្តទៅហ្វឹកហាត់នៅប្រទេសវៀតណាម រយៈពេលមួយខែ។

​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ហ្វឹកហាត់ដល់ក្រុមបាញ់កាំភ្លើងដៃ នៃខ.ភ.ម ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតបាញ់កាំភ្លើងដៃប្រចាំឆ្នាំ ក្នុងប្រទេសអាស៊ានលើកទី២៨ ក៏ដូចជា ក្នុងកម្មវិធីប្រកួតAASAM នៅប្រទេសអូស្ត្រាលី និងBISAMM នៅប្រទេសប៊្រុយណេឆ្នាំ២០១៨ខាងមុខនេះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្មវិធីនេះពិតជាសារៈសំខាន់សម្រាប់ ខ.ភ.ម ដែលជាផ្លាស់ប្តូរបទពិសោធន៍ ការរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ក៏ដូចជាលើកកិត្តិយស និងមុខមាត់ប្រទេសជាតិកម្ពុជានៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា កងទ័ពខ្លាំង និងទទួលបានជោគជ័យ សំខាន់នោះ គឺកងទ័ពមានវិន័យ គោរពបទបញ្ជា និងមានការហ្វឹកហ្វឺនបានល្អ។ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃ ខ.ភ.ម បានខិតខំយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងក្លានៅលើវិស័យកីឡានេះផងដែរ។

លោកបានលើកទឹកចិត្តដល់នាយទាហាន ពលទាហាននៃ ខ.ភ.ម ទាំងអស់ បន្តការចូលរួមថែរក្សាការពារសុខសន្តិភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយត្រូវមានមោនសិការស្នេហាជាតិ ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល និងត្រូវទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ដែរថា ​AARM(អាអាម) គឺជាព្រឹត្តិការណ៍ប្រកួតបាញ់កាំភ្លើងដៃប្រចាំឆ្នាំ ក្នុងប្រទេសអាស៊ាន គិតមកដល់ពេលនេះ មានចំនួន២៧លើករួមមកហើយ។ ការប្រកួតកាំភ្លើងដៃ និងកិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក ក្នុងប្រទេសអាស៊ាន ដើម្បីវាស់ស្ទង់ និងលើកកម្ពស់នូវកំរិតសមត្ថភាព បច្ចេកទេសប្រកួត ចែករំលែកនូវបទពិសោធន៍ពង្រឹងពង្រីក នូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ យោគយល់គ្នា និងយល់ដឹងនូវជីវភាពរស់នៅ របស់កងទ័ព​ជើងគោក នៃបណ្តាប្រទេសអាស៊ាននីមួយៗ។ ដោយឡែក ក្រុមបាញ់កាំភ្លើងដៃ នៃ​ខ.ភ.ម បានចូលរួមមានចំនួន១៨លើក ​ដែលលើកដំបូងនាឆ្នាំ១៩៩៩ នៃការប្រកួត AARM លើកទី៩ នៅប្រទសប៊្រុយណេ។ ប្រវត្តិជំនួបកាំភ្លើងដៃ កងទ័ពជើងគោក អាស៊ាន (AARM) គឺជាគំនិតផ្តួចផ្តើមរួមរបស់មេបញ្ជាការ កងទ័ពជើងគោក ម៉ាឡេស៊ី នៅក្នុងឆ្នាំ១៩៩១៕