(កំពង់ធំ-ត្បូងឃ្មុំ)៖ ក្នុងនាមបេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ាណ ណាវី និងលោក រ៉ូហ្វី អូស្មាន ព្រមទាំងសហការី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ និងនាំអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនបងប្អូនខ្មែរឥស្លាមនៅឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន៣១០គ្រួសារ និង៤០គ្រួសារ ជូនបងប្អូននៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខណៈ២០៤គ្រួសារទៀតជាអំណោយរបស់លោក ឆាង ស៊ីណាត និងភរិយា ដែលមានការចូលរួមមួយចំនួនពីសប្បុរសជនប្រទេសអូស្រ្តាលីផងដែរ។
ក្រៅពីគ្រឿងឧបភោគ ក៏មានឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ព្រះវិហារឥស្លាម នៅភូមិវាលទឹកចេញ និងភូមិវិហារសំបូរ ខេត្តត្បូងឃ្មុំ ដើម្បីទទួលអាហារសាមគ្គីស្រាយបួស ប្រចាំនៅក្នុងព្រះវិហារផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បេក្ខជនតំណាងរាស្រ្តវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តពោធិ៍សាត់ ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពីការត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនៅមិនយូរទៀតទេ គឺនៅសល់តែ៥២ថ្ងៃទៀតប៉ុណ្ណោះ នៅថ្ងៃទី២៩ ខែកក្កដានេះ។ លោកថា ការចូលរួមទៅបោះឆ្នោត គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ហើយសន្លឹកឆ្នោត១សន្លឹក របស់បងប្អូនគឺជាដើមទុន យ៉ាងសំខាន់ក្នុងការរួមចំណែករក្សាសុខសន្តិភាព ជូនខ្លួនឯងសហគមន៍ និងប្រជាជាតិកម្ពុជាទាំងមូល។
បន្ថែមពីនេះ លោកស្រី ម៉ាណ ណាវី បេក្ខជនតំណាងរាស្រ្តមណ្ឌលភ្នំពេញ ជូនពរដល់បងប្អូន ក្នុងឱកាសនៃពិធីបួសរ៉ាម៉ាឌន ក៏ដូចជាបុណ្យឆ្លងបួស ដែលខិតជិយមកដល់ នៅប្រមាណ១០ថ្ងៃខាងមុខ សូមបងប្អូនទទួលបានសេចក្តីសុខសប្បាយ និងទទួលបានបុណ្យកុសល្យច្រើនលើសលប់៕