(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានពន្យល់ថា អំណាចដឹកនាំប្រទេសនៅកម្ពុជា គឺកើតឡើងពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌, យើងបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស មិនមែនបានមកដោយឯកឯងទេ ប្រជាពលរដ្ឋជាម្ចាស់អំណាច ដោយបោះឆ្នោត៥ឆ្នាំម្តង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានប្រធាន គ.ជ.ប បានបន្ថែមទៀតថា ការចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ដូចនេះប្រជាពលរដ្ឋត្រូវចេះប្រើសិទ្ធិ និងអំណាចរបស់ខ្លួនផងដែរ។
លោក ស៊ិក ប៊ុនហុក បានបន្តថា ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវមានគោលការណ៍ចំនួន៥គឺ៖
១៖ គោលការណ៍ជាសកល
២៖ គោលការណ៍បោះឆ្នោតដោយសេរី
៣៖ គោលការណ៍បោះឆ្នោតដោយផ្ទាល់
៤៖ គោលការណ៍បោះឆ្នោតដោយស្មើភាព
៥៖ គោលការណ៍បោះឆ្នោតដោយសម្ងាត់។
ប្រធាន គ.ជ.ប បានបញ្ជាក់ថា យោងតាមមាត្រា៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ចែងថា គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យ បានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
សមាជិកនៃ គ.ជ.ប គ្រប់លំដាក់ថ្នាក់ត្រូវមានជំហរអព្យាក្រឹតឥតលម្អៀត ក្នុងការអនុវត្តការងាររបស់ខ្លួន។ គ.ជ.ប មិនមែនជាស្ថាប័ននយោបាយទេ គឺជាស្ថាប័នអនុវត្តច្បាប់សុទ្ធសាធ សមាជិក គ.ជ.ប ទោះចេញមកពីប្រភពណាក៏ដោយ ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ដោយឯករាជ្យអព្យាក្រឹតឥតលម្អៀង ហើយឈរលើគោលាការណ៍គោរពច្បាប់ មិនទទួលការគាប់សង្កត់ គំរាមកំហែង បំភិតបំភ័យ ឬការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬស្ថាប័នណាមួយឡើយ៕