(ភ្នំពេញ)៖ បុរសវ័យ៣៤ឆ្នាំម្នាក់ ដែលមានមុខរបរអ្នកជាថតវីដេអូតាមពិធីមង្គលការ បានប្រើឯកសណ្ឋានអាវុធហត្ថក្លែងក្លាយយកទៅស្លៀកពាក់ បង្ហោះតាមបណ្ដាញសង្គម Facebook រហូតឡាយផ្ទាល់ ដើម្បីទារប្រាក់ពីអ្នកជំពាក់នោះ ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកធ្វើការសួរនាំនៅ ទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ថា វណ្ណា អាយុ៣៤ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ដែលមានគណនី Facebook ឈ្មោះ «ព្រះអាទិត្យបំបែកភ្នំ»។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា បុគ្គលរូបនេះ បានទៅទិញសម្លៀកបំពាក់អាវុធហត្ថនៅផ្សារទឹកថ្លា ខណ្ឌសែនសុខ ហើយយកមកស្លៀកពាក់បង្ហោះលើ Facebook និងបានយកអាវអាវុធហត្ថ ទៅបំពាក់ពីក្រោយខ្នង ពេលខ្លួនកំពុងឡាយវីដេអូ ដើម្បីទារប្រាក់ពីអ្នកជំពាក់ គោលបំណងឲ្យគេខ្លាច។
ក្រោយទទួលបានព័ត៌មាននេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញ បើកការស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួនជនម្នាក់នេះ។ នៅទីបំផុតជនសង្ស័យ ក៏ត្រូវបានរកឃើញ ហើយធ្វើការនាំខ្លួនមកសួរចម្លើយ នៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស។
នៅចំពោះមុខមន្ដ្រីជំនាញ ជនសង្ស័យបានសារភាពថា ហេតុតែខ្លួនធ្វើដូច្នេះ ដោយសារតែមានចិត្តចង់តាំងពីតូច ចង់ក្លាយជាមន្ដ្រីអាវុធហត្ថ ប៉ុន្ដែមិនដឹងចូលតាមច្រកណា។
យ៉ាងណាក៏ដោយ បើតាមលោក អេង ហ៊ី ក្រោយបញ្ចប់ការសួរនាំ និងអប់រំរួចមក ជនសង្ស័យត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ លោកឧត្តមសេនីយ៍អ្នកនាំពាក្យក៏បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនកុំប្រព្រឹត្តនូវទង្វើខុសច្បាប់បែបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ក៏ដូចរងទុក្ខទោសដល់ខ្លួនឯង និងក្រុមគ្រួសារ។
មជ្ឈដ្ឋានមួយចំនួន បានបញ្ចេញទស្សនថា ដើម្បីបញ្ចប់បទល្មើសបែបនេះ សមត្ថកិច្ច និងអាជ្ញាធរ គួរតែចុះទៅទប់ស្កាត់ និងណែនាំក្នុងកម្រិតណាមួយ ទៅលើអ្នកលក់ដូរឯកសណ្ឋានកងកម្លាំង ប្រដាប់អាវុធបែបនេះ នៅផ្សារទឹកថ្លាតែម្ដង ជៀសវាងមានរឿងដដែលៗកើតឡើង៕