(បន្ទាយមានជ័យ)៖ នៅក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តែផ្តាំមន្ត្រីទាំងអស់ ពង្រឹងកិច្ចសហការ និងគោរពឋានានុក្រមការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាមគ្គីផ្ទៃក្នុងគឺជាកត្តាសំខាន់ ដើម្បីជំរុញសកម្មភាពការងារឲ្យសម្រេចបានតាមផែនការ ដែលថ្នាក់ដឹកនាំក្រសួង ឬខេត្តប្រគល់ជូន ចំណែកឯការគោរពឋានានុក្រមការងារល្អ មិនត្រឹមតែជួយពង្រឹងកិត្តិនាមរបស់អង្គភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវវប្បធម៌ការងារល្អ ដែលនឹងជះឥទ្ធិពលវិជ្ជមានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលថែមទៀត។
លោក ប៉ាន សូរស័ក្តិ បានកោតសរសើរដល់មន្ត្រីទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានសំណូមពរដល់មន្ត្រីនៃអង្គភាពទាំងពីរ ខិតខំរក្សានូវវប្បធម៌ការងារល្អនេះបន្តទៀត ដើម្បីផ្តល់សេវាសាធារណៈជូនវិស័យឯកជនឲ្យបានកាន់តែប្រសើរ សំដៅនាំមកនូវវឌ្ឍនភាពការងារ និងសមិទ្ធផលថ្មីៗបន្ថែមជូនក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ក៏បានសំណូមពរមន្ត្រីទាំងអស់ ខិតខំពង្រឹងសមត្ថភាពភាសាចំនួនបីគឺ៖ ភាសាជំនាញ, ភាសាកុំព្យូទ័រ និងភាសាអង់គ្លេស ដើម្បីជាទុនក្នុងការបំពេញការងារប្រចាំថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសការទទួលបានមុខតំណែង និងតួនាទីធំៗ នៅថ្ងៃអនាគត។
នៅចុងបញ្ចប់នៃអង្គពិធី លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានប្រគល់នូវថវិកាមួយចំនួន ដល់ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ប្រចាំខេត្តបន្ទាយមានជ័យ ដើម្បីទុកប្រើប្រាស់សម្រាប់ការចំណាយផ្សេងៗ ទៅតាមតម្រូវការជាក់ស្តែង៕