(កោះកុង)៖ កម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទ ឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរសារធាតុញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ស្ថិតនៅចំណុចបន្ទប់ជួលលេខ១៧ យីហោកូលាបជាយដែន ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចក្រុងខេមរភូមិន្ទ បានឲ្យដឹងថា នៅវេលាម៉ោង៤៖៥៥នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងអាវុធហត្ថខេមរភូមិន្ទចំនួន៥នាក់ ដឹកនាំដោយលោក កាយ ប៊ុន្នីម មេបញ្ជាការអាវុធហត្ថក្រុង និងដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តន៍សកម្មភាពនេះយ៉ាងម៉ឹងម៉ាត់។
ក្នុងកិច្ចប្រតិបត្តិការ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ កាន់ កុសល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់តូច និង២កញ្ចប់ធំ, អាវុធខ្លីប្រភេទ K59 គ្មានលេខ មានចំនួន៦គ្រាប់, បង់១, ជញ្ជីងថ្លឹងថ្នាំញៀន១, ថង់សម្រាប់ច្រកមួយចំនួន, រថយន្តកាមរីឆ្លាមពណ៌ឆ្លូញ ពាក់ស្លាកលេខព្រះសីហនុ 2A1248 ចំនួន១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរសព្ទដៃម៉ាកអាយហ្វូនពណ៌ស ១គ្រឿង, ខ្នោៈដៃ១, ប្រាក់រៀល ៧.៥០០០រៀល, អត្តសញ្ញាណបណ្ណសញ្ចាតិខ្មែរចំនួនពីរ, កាបូបស្ពាយចំនួន១, ចិញ្ចៀនពណ៌ទង់ដែងចំនួន១, និងស្រោមកាំភ្លើង១។
បច្ចុប្បន្ន ករណីខាងលើត្រូវបានកម្លាំងជំនាញ អាវុធហត្ថក្រុង បញ្ចូនមកអាវុធខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនីតិវិធី៕