(ភ្នំពេញ)៖ ផលិតផលបួនប្រភេទរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងឆ្នាំ២០១៨នេះ ទទួលបានមេដាយមាស និងមាសកំពូល Monde Selection Award ដែលជាមេដាយធានាគុណភាព ទទួលស្គាល់ដោយអន្តរជាតិ។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបឱ្យដឹងថា ស្រាបៀរកម្ពុជា ដែលធ្លាប់ទទួលបានមេដាយ Monde Selection Award ចំនួនបួនរួចមកហើយនោះ ទើបទទួលបានមេដាយមាសនេះថ្មីមួយទៀតក្នុងឆ្នាំ២០១៨នេះ។ ភេសជ្ជៈថ្មីពីរ របស់ក្រុមហ៊ុន គឺអាយស៍កូឡា និងវើក ក៏ទទួលបានមេដាយមាស Gold Monde Selection Award ផងដែរ។ ដោយឡែក ភេសជ្ជៈអាយស៍ឡេមិន ទទួលបានមេដាយមាសកំពូល Grand Gold Monde Selection Award។
លោក លាង ពៅ (ភីធើរ) បានថ្លែងថា «នេះជាមោទនភាពមួយរបស់កូនខ្មែរយើង ដែលផលិតផលរបស់ខ្មែរយើង គឺស្រាបៀរកម្ពុជា នៅតែបន្តទទួលបានមេដាយមាស អន្តរជាតិនេះ ហើយអ្វីដែលពិសេសនោះ គឺផលិតផលរបស់យើងបីផ្សេងទៀត ដែលទើបតែមានវត្តមាន នៅលើទីផ្សារកម្ពុជា អាចទទួលបានមេដាយមាស និងមាសកំពូលលំដាប់អន្តរជាតិនេះ»។
គួរបញ្ជាក់ផងដែរថា មេដាយ Monde Selection Award ជាមេដាយធានាគុណភាពភេសជ្ជៈ និងចំណីអាហារ ដែលទទួលស្គាល់ដោយអន្តរជាតិ ចាប់តាំងពីឆ្នាំ១៩៦១មកម៉្លេះ។ អ្នកជំនាញផ្នែកភេសជ្ជៈ និងចំណីអាហារ៨០នាក់ មកពីប្រទេសផ្សេងៗគ្នា នឹងវាយតម្លៃគុណភាពផលិតផល នីមួយៗរៀងៗខ្លូន តាមរយៈការភ្លក់រសជាតិ ការវាយតម្លៃវត្ថុធាតុដើម ការត្រួតពិនិត្យការវេចខ្ចប់ និងការធ្វើតេស្តសារធាតុគីមីក្នុងមន្ទីរពិសោធន៍។ ផលិតផលរណា ដែលទទួលបានការវាយតម្លៃគុណភាពខ្ពស់ នឹងទទួលបានមេដាយមាស ឬមាសកំពូល ដូចផលិតផលទាំងបួនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕