(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនសេវាអ៊ីនធឺណិត ឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន LXT Networks ដែលជាអ្នកឯកទេសផ្គត់ផ្គង់ខ្នាតធំ នូវបណ្តាញខ្សែកាបលើដីក្នុងតំបន់អាស៊ាន បានប្រកាសចាប់ដៃគូសហការជាយុទ្ធសាស្រ្ត ដើម្បីផ្តល់ដំណោះស្រាយរួមគ្នា ដែលនឹងតភ្ជាប់ប្រទេសប្រាំរួមមាន៖ កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម និងថៃ។
ភាពជាដៃគូនេះ ពង្រីកលទ្ធភាពដល់ក្រុមហ៊ុន LXT Networks ក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលបានវិនិយោគដោយក្រុមហ៊ុន EZECOM មានដូចជា ប្រព័ន្ធខ្សែកាបបាតសមុទ្រ MCT និង AAG ជាដើម។ បន្ថែមពីនេះ ក្រុមហ៊ុនទាំងពីរក៏នឹងមានលទ្ធភាពបំពេញតម្រូវការ និងលក្ខខណ្ឌតម្រូវក្នុងការតភ្ជាប់របស់ប្រតិបត្តិករនានា ដែលកំពុងប្រកួតប្រជែងបម្រើសេវាកម្ម នៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ទាំងប្រាំគឺ មីយ៉ាន់ម៉ា ឡាវ កម្ពុជា វៀតណាម និងថៃ។
ដំណោះស្រាយដែលព្រមព្រៀងគ្នាដោយក្រុមហ៊ុនទាំងពីរ ក៏នឹងអនុញ្ញាតឱ្យ EZECOM ចូលប្រើប្រាស់បណ្តាញប្រព័ន្ធរបស់ LXT Networks គឺប្រព័ន្ធខ្សែកាបបាតសមុទ្រដ៏ធំទូលាយក្នុងតំបន់អាស៊ី ដែលកំពុងត្រូវបានធ្វើប្រតិបត្តិការដោយក្រុមហ៊ុនរួមទុនរបស់ LXT Networks ឈ្មោះ StrataNet ។ Strata Net កាន់កាប់ចំណែកទំហំច្រើនក្នុងប្រព័ន្ធខ្សែកាបបាតសមុទ្រមួយចំនួនគឺ SJC, APCN2, AAG, APG, ASE និង JUS។ ជាមួយនឹងការបើកផ្លូវនូវលទ្ធភាពចូលទៅប្រើប្រាស់ប្រព័ន្ធខ្សែកាប MCT តាមរយៈភាពជាដៃគូនេះ ទាំងក្រុមហ៊ុន EZECOM និង LXT Networks មានលទ្ធភាពផ្តល់ឆដំណោះស្រាយដ៏ទូលំទូលាយបំផុតមួយ សម្រាប់ប្រតិបត្តិករ ដែលត្រូវការពង្រីកការតភ្ជាប់នៅតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន EZECOM និង LXT Networks នឹងផ្តល់ជូននូវសេវាកម្មអ៊ីនធឺណិតលំដាប់អន្តរជាតិ ដែលអាចភ្ជាប់ទំនាក់ទំនងអតិថិជនចាស់ថ្មី ក្នុងតំបន់ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ព្រមទាំងផ្តល់ជូននូវច្រកតភ្ជាប់យុទ្ធសាស្ត្រពិសេសៗជាច្រើនទៀត សម្រាប់តំបន់អាស៊ីអាគ្នេយ៍។
តាមរយៈភាពជាដៃគូនេះក្រុមហ៊ុន EZECOM និង LXT Networks នឹងផ្តល់ជូនអតិថិជនទាំងក្នុងនិងក្រៅប្រទេសរបស់ខ្លួន នូវការតភ្ជាប់ដោយផ្ទាល់និងឥតអាក់ តាមខ្សែពិសេសៗជាច្រើន។ ក្រុមហ៊ុន EZECOM និង LXT ក៏នឹងអាចផ្តល់ការធានាតាមរយៈកិច្ចព្រមព្រៀងសេវាកម្មកម្រិតខ្ពស់ ព្រោះភាពរឹងមាំនៃប្រព័ន្ធបណ្តាញទាំងពីររួមបញ្ចូលគ្នា។
លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានថ្លែងថា «ក្រុមហ៊ុន EZECOM តែងបានប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើង គ្រប់រូបនូវការតភ្ជាប់លំដាប់ខ្ពស់បំផុត ហើយភាពជាដៃគូថ្មីនេះ បញ្ជាក់ពីជំហររបស់យើង ថាជាដៃគូតភ្ជាប់ដ៏ល្អសម្រាប់ប្រតិបត្តិករ ដែលត្រូវការពង្រីកវិសាលភាពរបស់ពួកគេ ក្នុងប្រទេសថៃ មីយ៉ាន់ម៉ា និងប្រទេសដទៃទៀត»។
ចំណែកលោក Tom Sastararuchi នាយកប្រតិបត្តិក្រុមហ៊ុន LXT Networks បានថ្លែងថា «យើងមានការពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូនេះ ដែលធ្វើឡើងជាមួយក្រុមហ៊ុន មានកិត្តសព្ទល្បីល្បាញដូចជាក្រុមហ៊ុន EZECOM ដែលជាការបង្ហាញ ពីកម្លាំងនៃប្រព័ន្ធបណ្តាញ និងយុទ្ធសាស្ត្រដ៏រឹងមាំរបស់យើង។ ភាពជាដៃគូជាមួយក្រុមហ៊ុន EZECOM ពង្រីកគុណតម្លៃ នៃការវិនិយោគរបស់ StrataNet ដែលជាភាគហ៊ុនិករបស់យើង ក៏ដូចជាជំរុញការបង្កើតបណ្តាញខ្សែកាបអុបទិក ប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍»។
ក្រុមហ៊ុន EZECOM ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តាសហគ្រាសអាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់នៅតាមគេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើងយ៉ាងឆាប់រហ័សក្នុងទីផ្សារកម្ពុជា។ បង្កើតឡើងនៅក្នុងឆ្នាំ២០០៧ EZECOM បានក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេមួយក្នុងការផ្គត់ផ្គង់សេវាកម្មផ្នែកទំនាក់ទំនងថ្មីៗ យ៉ាងសំបូរបែប។ បេសកកម្មរបស់ EZECOM គឺដើម្បីក្លាយខ្លួនជាអ្នកផ្គត់ផ្គង់សេវាកម្មព័ត៌មាន និងទូរគមនាគមន៍លំដាប់ខ្ពស់នៅកម្ពុជា តាមរយៈការច្នៃប្រឌិតនិងកែលម្អជាប់ជានិច្ច ខណៈរក្សាទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។
ក្រុមហ៊ុនរបស់យើងកាន់កាប់បណ្តាញខ្សែកាបអុបទិក បណ្តាញ VPN និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យលំដាប់ពិភពលោក។ ដោយមើលឃើញពីតម្រូវការសេវាអ៊ីនធឺណិតគុណភាពខ្ពស់ គួរទុកចិត្ត និងគ្មានភាពរអាក់រអួល EZECOM បានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន។ ដំណោះស្រាយ និងសេវាកម្មសំបូរបែបដែលផ្ដល់ជូនដោយ EZECOM ដល់ក្រុមហ៊ុន សហគ្រាស អង្គការ ស្ថាប័ននានា និងអ្នកប្រើប្រាស់ទូទៅបានធ្វើឱ្យ EZECOM ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.ezecom.com.kh។
ក្រុមហ៊ុន LXT Networks ដោយផ្តោតលើប្រទេសថៃ និងបណ្តាប្រទេសជាប់ព្រំដែនថៃ រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្រុមហ៊ុន LXT Networks ផ្តល់សេវាផ្គត់ផ្គង់អ៊ីនធឺណិតខ្នាតធំទូទាំងតំបន់អាស៊ាន តាមរយៈខ្សែបណ្តាញច្រើនផ្សេងគ្នា និងចំណែកទំហំធំ ក្នុងប្រព័ន្ធខ្សែកាបបាតសមុទ្រសំខាន់ៗដូចជា៖ AAE-1, TIS, SeaMeWe, APG, AAG, SJC, FEA ជាដើម ដល់ក្រុមហ៊ុនដឹកជញ្ជូន និងប្រតិបត្តិករអន្តរជាតិ ក៏ដូចជា៖ ISP ដ៏ទៃទៀតផងដែរ។ LXT Networks គឺជាប្រតិបត្តិករអព្យាក្រឹត។
ដោយមានការគាំទ្រពីក្រុមហ៊ុន StrataNet ដែលជាភាគហ៊ុនិករបស់ខ្លួន LXT Networks បានតភ្ជាប់យ៉ាងឆ្លាតវៃនូវប្រព័ន្ធខ្សែកាបបាតសមុទ្រ ដែលខ្លួនមាននៅទូទាំងតំបន់អាស៊ី ទៅកាន់តំបន់គោលដៅសំខាន់របស់ខ្លួននៅអាស៊ីអាគ្នេយ៍។ បណ្តាញរបស់ StrataNet ដែលត្រូវបានបន្តពង្រីកជាលំដាប់ មានក្នុងប្រទេសចំនួន ១២ មានស្ថានីយ៍៥៣ និងខ្សែចូលច្រើនផ្សេងគ្នាក្នុងប្រទេសនីមួយៗ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.lxtnetworks.com and https://www.stratanetgroup.com៕