(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ ជាប្រធានគណៈកម្មការប្រតិបត្តិ នៃគណ:កម្មាធិការជាតិគ្រប់គ្រគ្រោះមហន្តរាយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានណែនាំអាជ្ញាធរខេត្តពោធិ៍សាត់ថា ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពនោះ តាមបណ្ដាលខេត្តទាំងអស់ ត្រូវមានផែនការត្រៀមទុកល្អជាមុនឲ្យបានច្បាស់លាស់ និងម៉ត់ចត់។
ការថ្លែងបែបនេះ របស់ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧ ទិសដៅ២០១៨ នៅខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៧ ខែមិថុនានេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ដ្រីនៃមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនថ្នាក់ស្រុក ក្រុងផងដែរ។
បើតាមទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា ពេលមានបញ្ហាកើតឡើង ត្រូវមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អង្គការរីតាសកម្ពុជាប្រចាំកម្ពុជា, អង្គការទស្សនៈពិភពលោក, អង្គការសង្គ្រោះជនទុរគត៌ និងមនុស្សចាស់, អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ អង្គការអភិវឌ្ឍន៍សេដ្ចកិច្ច, ជនបទរៀបចំធ្វើសៀវភៅផែនការ ក្នុងគោលបំណងដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាព នូវធនធានដែលមានស្រាប់ និងកៀគរធនធានពីខាងក្រៅសម្រាប់ត្រៀមឆ្លើយតបធានាលើកិច្ច អន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល បង្កើន និងពង្រឹងពង្រីកយន្តការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយកំណត់ការរៀបចំ និងការប្រព្រតឹត្តទៅរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៏ ទាំងការចែករំលែកព័ត៌មានចំណេះដឹង ដោយផ្សារភ្ជាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងបន្សាំងទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការច្បាប់។
បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានរំលឹកថា ក្នុងពេលខាងមុខដ៏ខ្លីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នឹងមកដល់ ដូច្នេះកុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបន្ដការអភិវឌ្ឍ និងរក្សាសុខសន្ដិភាព៕