(ភ្នំពេញ)៖ រយៈពេល៥ខែដើមឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជាង២៤ម៉ឺនតោន ថយចុះ៦.៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបការនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករចំនួន២៤០,២១៩តោន ថយចុះ៦.៨០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួន២៥៧,៦៣៧តោន។
យោងតាមរបាយការណ៍ដែលបានបញ្ជាក់ថា ប្រទេសចំនួនជិត៧០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង៦ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជាង៣ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសម៉ាឡេស៊ី ដែលមានចំនួនជិត២ម៉ឺនតោន។
ចំពោះក្រុមហ៊ុនដែលនាំចេញអង្ករពីកម្ពុជាច្រើនជាងគេ គឺក្រុមហ៊ុន បៃតងរបស់ឧកញ៉ា ភូ ពុយ ចំនួនជាង២.៣ម៉ឺនតោន, លេខ២ គឺក្រុមហ៊ុន City Rice នាំចេញបាន២.១ម៉ឺនតោន និងលេខ៣ ក្រុមហ៊ុនខ្មែរហ្វូដរបស់ឧកញ៉ា គឹម សាវុធ។
សូមជម្រាបថា នៅឆ្នាំ២០១៧កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៦៣ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕