Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌសែនសុខ ឃាត់រថយន្ត១៩០គ្រឿង និងហៅអ្នកបើកបរមកអប់រំ ឲ្យបញ្ឈប់យកកំណាត់ផ្លូវសហពន្ធ័រុស្សីចាំចាប់ម៉ូយតទៅទៀត

07-06-2018 14:47

(ភ្នំពេញ)៖ អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា អាជ្ញាធរខណ្ឌសែនសុខ បានឃាត់រថយន្តតាក់ស៊ី ដែលសំចតឈប់ដាក់ភ្ញៀវតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បង្កនូវភាពអនាធិបតេយ្យ នាំយកមកធ្វើកិច្ចសន្យាអបរំ និងបានប្រគល់ជូនពួកគាត់វិញជាបន្តបន្ទាប់ ដែលមានសរុបរថយន្តចំនួន១៩០គ្រឿង ក្នុងនោះមានជាន់ស្លាកលេខ (ឃាត់លើទី២) ចំនួន៤គ្រឿង។

លោក ម៉ូវ ម៉ានិត បានបន្តថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលបានអញ្ជើញម្ចាស់រថយន្តតាក់ស៊ីចំនួន៦ នាក់បន្ថែមទៀតមកអប់រំ ណែនាំធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការចតឈប់ចាប់ដាក់ភ្ញៀវ (ម៉ូយ) យ៉ាងអនាធិបតេយ្យបណ្តាល ឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ លើដងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា។

ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រូបនេះ បានបន្ថែមថា ជាដំណោះស្រាយ រថយន្តដែលឃាត់បានទាំងនោះ ត្រូវយកមករក្សាទុកនៅសាលាខណ្ឌសែនសុខ រយ:ពេល១សប្ដាហ៍សិន ទើបហៅម្ចាស់មកធ្វើកិច្ចសន្យា យកត្រឡប់ទៅធ្វើអាជីវកម្មវិញ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌសែនសុខ បានសំណូមពរផងដែរ ដល់អ្នកបើករថយន្តតាក់ស៊ីទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរ ដោយបញ្ឈប់ការចាប់ដាក់ភ្ញៀវ នៅលើដងមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាមហាវិថីមានគណៈប្រតិភូជាតិ អន្តរជាតិ និងភ្ញៀវទេសចរណ៍ជាច្រើនឆ្លងកាត់រាល់ថ្ងៃ ហើយត្រូវរកទីតាំងដាក់ម៉ូយ ឲ្យបានត្រឹមត្រូវតាមការកំណត់ របស់សាលារាជធានីភ្នំពេញ។

លោកម៉ូវ ម៉ានិត ក៏បានអំពាវនាដល់អ្នកបើកបរតាក់ស៊ីមេត្តា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ ដោយកុំបំពានច្បាប់ និងចូលរួមសូមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈឲ្យបានល្អស្អាតទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពមុខមាត់ក្នុងរាជធានីភ្នំពេញ៕