(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាភិបាល នៃភាពជាដៃគូសកលសម្រាប់ការអប់រំ បានអនុម័តហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់ចំនួន២០,៦លានដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅបឋមសិក្សា។
ហិរញ្ញប្បទានឥតសំណងនេះ នឹងផ្ដល់ប្រយោជន៍ជាពិសេសដល់កុមារ មកពីគ្រួសារជួបការលំបាក ក៏ដូចជា ការបង្កើនប្រសិទ្ធភាពនៃការបង្រៀន ពង្រឹងភាពដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំរួមមាន៖ គ្រូបង្រៀន នាយកសាលា ព្រមទាំងអ្នកផ្ដល់សេវាអប់រំនៅតាមមូលដ្ឋាន និងនៅថ្នាក់ជាតិ។
នេះជាលើកទី៣ហើយ ដែលភាពជាដៃគូសកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE) បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ប្រទេសកម្ពុជា។ GPE នឹងនាំមកនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងអង្គការយូនីសេហ្វ ព្រមទាំងដៃគូអភិវឌ្ឍន៍ដទៃទៀត ជួយវិស័យអប់រំដូចជា៖ សហភាពអឺរ៉ុប ប្រទេសស៊ុយអ៊ែត និងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍ការបន្តភាពជាដៃគូនេះ ដែលនឹងជួយកុមារ ជួបការលំបាកទាំងអស់មានលទ្ធភាពរៀនសូត្រ និងអភិវឌ្ឍកាន់តែល្អប្រសើរ។ លោកណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងថា «ភាពជាដៃគូសកលសម្រាប់ការអប់រំ បានរួមចំណែកដ៏សំខាន់ដល់ វិស័យអប់រំនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មក។ ការជួយគាំទ្របន្ថែមរបស់ GPE នេះនឹងផ្ដល់លទ្ធភាពឱ្យយើងអាចពង្រីក និងពង្រឹងគ្រូបង្រៀនរបស់យើងឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ដើម្បីផ្ដល់ឱ្យកុមារដែលជួបការលំបាកនូវលក្ខខណ្ឌដែលពួកគេត្រូវការក្នុងការរៀនសូត្រ និងរីកចម្រើន»។
លទ្ធផលនៃកម្មវិធី GPE ថ្មីនេះ នឹងត្រូវសម្រេចតាមរយៈសមាសភាគចំនួនពីរគឺ៖ សមាសភាគទី១ ក្នុងទឹកប្រាក់ចំនួន ១៤,៤លានដុល្លារ សម្រាប់កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam), ដែលផ្ដោតលើគ្រូបង្រៀននៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សា និងគ្រូឧទ្ទេសនៅតាមសាលាគរុកោសល្យខេត្ត, និងសមាសភាគទី២ មានទឹកប្រាក់ចំនួន ៦,២លានដុល្លារ បើកផ្តល់ផ្សារភ្ជាប់ទៅនឹងលទ្ធផលការងារ សំដៅលើកកម្ពស់សមធម៌ ប្រសិទ្ធភាព និងលទ្ធផលសិក្សារបស់សិស្ស។
លោកស្រី Alice Albright ប្រធានប្រតិបត្តិ នៃភាពជាដៃគូសកលសម្រាប់ការអប់រំ បានថ្លែងថា «ប្រទេសកម្ពុជា ជាដៃគូរបស់ GPE ចាប់តាំងពីឆ្នាំ ២០០៦មក បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះវិស័យអប់រំដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះ កាន់តែមានភាពរឹងមាំ និងកាន់តែមានសមធម៌សម្រាប់កុមារជាច្រើននាក់ទៀត។ តាមរយៈហិរញ្ញប្បទានឥតសំណងលើកទី៣នេះ GPE នឹងជួយពន្លឿនវឌ្ឍនភាពនៃវិស័យអប់រំនៅកម្ពុជាឱ្យមានសមិទ្ធផលគួរឱ្យកត់សម្គាល់បន្ថែមទៀត»។
កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា ដែលនឹងត្រូវអនុវត្តក្នុងភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ គាំទ្រដល់ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀនរបស់ក្រសួង និងផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀនកម្រិតថ្នាក់ដំបូង។ កម្មវិធីនេះនឹងជួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំនិងអនុវត្តប្រព័ន្ធដែលមានចីរភាពមួយ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនស្របតាមគន្លងអាជីពគ្រូបង្រៀន ដែលនឹងត្រូវរៀបចំឡើងជាផ្នែកមួយ នៃផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន។
លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានថ្លែងថា «ការបណ្ដុះបណ្ដាលគ្រូមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់គុណភាពអប់រំ។ ការគាំទ្ររបស់ GPE ដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងគុណភាពអប់រំ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី៤ (SDG4)»។
សមាសភាគផ្សារភ្ជាប់លទ្ធផលនឹងត្រូវអនុវត្តក្នុងភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសេហ្វ តាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព (CDPF) ដែលកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ។ CDPF គឺជាមូលនិធិពហុដៃគូ បង្កើតឡើងក្នុងគោលបំណងជួយពង្រឹងសមត្ថភាពផ្នែករៀបចំគោលនយោបាយ កសាងផែនការ ថវិកា បុគ្គលិក ការអប់រំប្រកបដោយបរិយាបន្ន និងសមធម៌យេនឌ័រនៃភាពដឹកនាំ ឆ្ពោះទៅរកការផ្ដល់សេវាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន សម្រាប់កុមារទាំងអស់នៅកម្ពុជា។
លោកស្រី Debora Comini តំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ដែលជាទីភ្នាក់ងារសម្របសម្រួល GPE បានថ្លែងថា «ការរួមចំណែករបស់ GPE ចំពោះមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពនឹងចូលរួមសម្រេចវឌ្ឍនភាពការងារចម្បងៗ នៃប្រព័ន្ធអប់រំ ដូចជាការរៀបចំក្របខណ្ឌអាហារូបករណ៍សម្រាប់បឋមសិក្សា ដែលផ្ដោតការយកចិត្តទុកដាក់លើតម្រូវការរបស់កុមារជួបការលំបាក បង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការ អភិវឌ្ឍន៍សាលារៀន និងផ្ដល់ការណែនាំដល់គ្រូបង្រៀន ដើម្បីពង្រឹងគុណភាពនៃការសិក្សារបស់សិស្ស»។
លោក Franck Viault អគ្គកុងស៊ុល ដែលជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានថ្លែងថា «សហភាពអឺរ៉ុបនិងរដ្ឋជាសមាជិក បានរួមវិភាគទាន ៧១,៥% នៃហិរញ្ញប្បទានរបស់ GPE ចាប់តាំងពីការចាប់ផ្តើម ហើយើងមានមោទនភាពជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនេះ។ ការគាំទ្ររបស់ GPE ជាការបំពេញបន្ថែមលើកិច្ចព្រមព្រៀងទ្វេភាគីដ៏មានសារៈសំខាន់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិតនៅកម្ពុជា»។
ប្រព័ន្ធអប់រំនៅកម្ពុជា សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អត្រាពិតនៃការសិក្សានៅបឋមសិក្សាកើនឡើងពី ៨៧% ក្នុងឆ្នាំ២០០១ ដល់៩៤% ក្នុងឆ្នាំ២០១៥ ហើយការចុះឈ្មោះចូលរៀនក្នុងកម្មវិធីអប់រំកុមារតូចនៅទូទាំងប្រទេស កើនឡើងជិត ២,៥ដង ក្នុងចន្លោះពីឆ្នាំ២០០៥ ដល់២០១៥។
ត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិក៏មានការកើនឡើងផងដែរ។ ពី ១៩% ដល់ ៥១% ក្នុងចន្លោះពីឆ្នាំ២០០១ ដល់២០១៥ ប៉ុន្តែចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនអត្រាបញ្ចប់ការសិក្សា។ ដោយសារការខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលប្រទេសកម្ពុជា បានលុបបំបាត់គម្លាតយេនឌ័រ នៅកម្រិតបឋមសិក្សា។ ដោយឡែកនៅកម្រិតមធ្យមសិក្សាវិញ ចំនួនសិស្សស្រីមានច្រើនជាងចំនួនសិស្សប្រុស។
ខណៈដែលអត្រាត្រួតថ្នាក់នៅបឋមសិក្សានៅកម្ពុជាថយចុះពី ១២% មកក្រោម ៧% នៅចន្លោះឆ្នាំសិក្សា ២០០៤/២០០៥ និង២០១៥/២០១៦ អត្រាត្រួតថ្នាក់ទី១ នៅមានកម្រិតខ្ពស់នៅឡើយ ពោលគឺ ១១,៦%។ ហិរញ្ញប្បទានឥតសំណងរបស់ GPE នេះនឹងជួយដល់ស្រុកមួយចំនួនដែលកំពុងជួបការលំបាកជាងគេ។
អង្គការយូណេស្កូ គឺជាភ្នាក់ងារគ្រប់គ្រងហិរញ្ញប្បទានឥតសំណងរបស់ GPE នៅកម្ពុជា ផ្នែកសមាសភាគការអប់រំគ្រូបង្រៀន និងដោយឡែក អង្គការយូនីសេហ្វ គឺជាភ្នាក់ងារគ្រប់គ្រងហិរញ្ញប្បទានឥតសំណងផ្នែកសមាសភាគផ្សារភ្ជាប់នឹងលទ្ធផល។ តាមរយៈការសហការជាមួយដៃគូ អភិវឌ្ឍន៍ដទៃទៀត ភ្នាក់ងារទាំងពីរនឹងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីនេះ៕