(កែប)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រ មិនមែនជាការងារដែលយើងអាចសម្រេច​បានក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ ហើយកិច្ចការនេះ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ ឆ្នាំ២០១៧ ដែលធ្វើឡើងរួមគ្នារវាងខេត្តកែប និងខេត្តកំពត និងមានការចូលរួមពីសំណាក់អង្គការសង្គម​ស៊ីវិលក្រៅរដ្ឋាភិបាលយ៉ាងច្រើនកុះផងដែរ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងយ៉ាងដូច្នេះថា «ជាការពិតណាស់ ការកាត់បន្ថយភាពក្រីក្រមិនមែនជាការងារ ដែលយើងអាចសម្រេចបានក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ ហើយកិច្ចការនេះ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ ដូច្នេះរាល់សកម្មភាពការងារ ក៏ដូចជាការអន្តរាគមន៍ទាំងឡាយ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការរួមចំណែកឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ»

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺបានដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត និងមានភាពឈ្លាសវៃបានដាក់ចេញ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដូចមានចែងនៅក្នុងយុទ្ធសាស្ដ្រចតុកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះ គឺជាកត្ដាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕