(បន្ទាយមានជ័យ)៖ ដើម្បីរួមចំណែកពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានតែងតាំងថ្នាក់ដឹកនាំថ្មី ឲ្យចូលកាន់តំណែងផ្លូវការសម្រាប់មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលជាខេត្តដ៏មានសក្តានុពលមួយសម្រាប់វិស័យពាណិជ្ជកម្មរបស់កម្ពុជា។
ពិធីប្រកាសចូលកាន់មុខតំណែងត្រូវបានរៀបចំឡើងនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាខេត្តជាង ២០០នាក់។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ហើយលោកក៏បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាពថ្មីៗនៅក្នុងខេត្តបន្ទាយមានជ័យ និងភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅក្នុងខេត្តនេះ។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមក រហូតជំរុញឲ្យមន្ទីរពាណិជ្ជកម្មខេត្ដ ក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីសាធារណជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ អាជ្ញាធរខេត្ដបន្ទាយមានជ័យ ដែលបានផ្ដល់កិច្ចសហការល្អ និងតែងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន-សហគ្រាស ការតាមដានស្ថានភាពថ្លៃទំនិញ ការរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗ ការចូលរួមត្រួតពិនិត្យគុណភាពទំនិញ និងឃ្លាំមើលទីផ្សារ ព្រមទាំងការចុះផ្សព្វផ្សាយអំពីច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្មជាដើម។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរពាណិជ្ជកម្មថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការរវាងមន្ត្រីនៅក្នុងមន្ទីរ ក៏ដូចជាសម្របសម្រួលធ្វើទំនាក់ទំនងខ្សែបណ្តាយ និងទទឹងឲ្យបានត្រឹមត្រូវ។ លើសពីនេះត្រូវចេះដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមជូនអង្គភាព ថ្នាក់ដឹកនាំខេត្ត និងក្រសួងពាណិជ្ជកម្ម ពិសេសសម្រួលដល់ការអភិវឌ្ឍវិស័យឯកជននៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។
សូមបញ្ជាក់ថា បន្ទាយមានជ័យ ជាខេត្តធំបង្អស់ទី១៣ ដែលមានទីតាំងស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា ព័ទ្ធជុំវិញដោយខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។ ខេត្តនេះមានទីប្រជុំជនធំមួយឈ្មោះថាប៉ោយប៉ែត ស្ថិតនៅជាប់ជាមួយក្រុងអារញ្ញប្រាថេតនៃប្រទេសថៃ ដែលជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់វិស័យពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ៕