(ព្រះវិហារ)៖ ស្ពានបេតុងមួយកន្លែង ស្ថិតក្នុងភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមា​នប្រវែង៣៦ម៉ែត្រ ជាចំណងដៃថ្មីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រូវបានសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ​នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក និងជាប្រធានក្រុមការងារ​ថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក មាស សុភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេច តែងគិតគូរយកចិត្តទុក្ខដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកបានបន្តទៀតថា ជាមួយនិងការគិតគូរយកចិត្តរបស់សម្តេចតេ​ជោ ចំពោះបងប្អូនប្រជាពលរដ្ឋ សម្តេចបានធ្វើការដឹកនាំដោយ បានធ្វើការអភិវឌ្ឍន៍លើគ្រប់វិសយ័ នៅទូទាំងប្រទេស ជាក់ស្តែងដូចជា ស្ពានបេតុងដែលយើងកំពុងធ្វើពិធីសម្ភោធនៅពេលនេះជាដើម។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា សមិទ្ធិផលពាសពេញប្រទេសនេះ បានកើតឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនមែនកើតឡើងដោយសារជប់បាននោះទេ ហើយក៏មិនបានកើតឡើងដោយបាតដៃក្រុមប្រឆាំងឡើយ ពួកគេចេះតែដើរសន្យា បោកប្រាស់នោះទេ។

លោកក៏បាន​ប្រា​ប់ដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវជឿលើការឃោសនាបោកប្រាស់របស់ជនអគតិមួយចំនួន ផ្ទុយទៅវិញយើង ត្រូវបន្តគាំទ្រសុខសន្តិភាព ដែលមានសព្វថ្ងៃ ដើម្បីឲ្យប្រ​ទេស​ជាតិទទួលបានការអភិវឌ្ឍបន្តទៅទៀត ជាពិសេសសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ដា បានរំលឹកពីការកកើតនូវស្ពានបេតុងនេះឡើង គឺដោយសារសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈអង្គវេទិការមួយ ដែលការសំណូមពររបស់ប្រជាពលរដ្ឋ គឺអជ្ញាធរខេត្តបានឆ្លងយោបល់ ទៅនាយឧត្តមសេនីយ៍ មាស សុភា ហើយនាយឧត្តមសេនីយ៍ ក៏បានឆ្លងទៅសម្តេចតេជោ ហ៊ុន សែន ទើបសម្តេចបានយល់ព្រមឲ្យសង់ស្ពានបេតុងនេះឡើង។

លោក អ៊ុន ចាន់ដា បានប្រាប់ប្រជាពលរដ្ឋ ត្រូវមានការជឿជាក់លើសម្តេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដើម្បីឲ្យសម្តេចបន្តដឹកនាំប្រទេសយើង ឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៅទៀត។

លោកបានបន្ថែមទៀតថា ដូច្នេះនៅថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សណា ដែលជួយបងប្អូនពិត​ប្រាកដ ដោយកុំជឿ​តាម​ការញុះញុងរបស់ក្រុមជនអគតិមួយចំនួនឲ្យសោះ ហើយលោកក៏សំណូមពរឲ្យ ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា ស្ពាននេះដើម្បីប្រយោជន៍ឲ្យមានការប្រើប្រាស់បានយូរអង្វែង៕