(ភ្នំពេញ)៖ ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ និងលោក ហួត ថន សមាជិកក្រុមប្រឹក្សាខេត្តផងនោះ លោក សៅ សារួន ត្រូវបានប្រកាសជាប្រធានមន្ទីរទេសចរណ៍ថ្មីនៃខេត្តកំពង់ស្ពឺជាផ្លូវការ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងនោះក្រសួងទេសចរណ៍ ក៏បានណែនាំឲ្យប្រធានមន្ទីរទេសចរណ៍ថ្មីនៃខេត្តកំពង់ស្ពឺបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍
បន្ទាប់ពីមានការប្ដេជ្ញាចិត្តរបស់ប្រធានមន្ទីរទេសចរណ៍ថ្មីរួចមក លោកអភិបាលរងខេត្ត សុខ ភា បានលើកបង្ហាញពីសក្ដានុពលលើវិស័យទេសចរណ៍នៅខេត្តកំពង់ស្ពឺ ដែលកំពុងមានភាពទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ដូចជា តេទឹកពោះ អំពែភ្នំ ភ្នំជ្រៀវ គិរីរម្យជាដើម តម្រូវឲ្យមានការគ្រប់គ្រង និងអភិវឌ្ឍន៍ជាចាំបាច់ ក្នុងនោះលោក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត បង្កើនការពង្រឹងអាជីវកម្មទេសចរណ៍ បន្ថែមការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដល់ភ្ញៀវទេសចរ។
ជាអនុសាសន៍ណែនាំ លោក ជា បូរ៉ា បានជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ត្រូវចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អឱ្យបានផុសផុល ព្រោះចលនានេះក៏ជាការទាក់ទាញភ្ញៀវទេសចរ លើកស្ទួយការអភិវឌ្ឍក្នុងខេត្តផងដែរ។
លោករដ្ឋមន្ត្រីស្ដីទីបានបន្តណែនាំឱ្យប្រធានមន្ទីរទេសចរណ៍ ត្រូវយកចិត្តទុកដាក់អនុវត្តការងារគ្រប់គ្រងអាជីវកម្មទេសចរណ៍ និងការងាររមណីយដ្ឋានស្អាតឲ្យទទួលបានលទ្ធផលល្អ ស្របតាមស្ដង់ដារក្នុងប្រទេស និងក្នុងតំបន់។
លោកក៏បានអំពាវនាវដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត គ្រប់ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងគ្រប់ប្រធានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស ត្រូវចូលរួមការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ ឆ្នាំ២០១៨ និងការប្រលងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ ឲ្យបានច្រើនកុះករ។
លោកក៏បានបន្ថែមអនុសាសន៍មួយទៀត គឺជំរុញឱ្យប្រធានមន្ទីរទេសចរណ៍ និងអាជ្ញាធរខេត្ត ត្រូវគិតគូររៀបចំកែលម្អវត្តអារាមឲ្យកាន់តែល្អ និងមានសោភ័ណភាពសាកសមជាទីសក្តារផង និងជាកន្លែងសម្រាប់ដំណើកម្សាន្តផង ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសសម្រាប់វត្តអារាមដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ៕