(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក Vincent Lefebvre ទីប្រឹក្សាឯករាជ្យ UNDP មកពីក្រុង New York បានជួបជាមួយថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅកម្ពុជា ដើម្បីវាយតម្លៃជាសាកល ផលប៉ះពាល់ នៃការអន្តរាគមរបស់ UNDP រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោក Vincent Lefebvre ជនជាតិបែលហ្សិក បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើការវាយតម្លៃ «ករណីសិក្សាតាមប្រទេស» ក្នុងចំណោម១២ប្រទេស ដើម្បីស្វែងយល់ការងាររបស់ UNDP និងទស្សនវិស័យអ្នកពាក់ព័ន្ធលើការកាត់បន្ថយភាពក្រីក្រ។
ក្នុងជំនួបនោះ លោកស្រី មុំ ក្រសាល អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានលើកឡើងពីការជួយគាំទ្ររបស់ UNDP ក្នុងការកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត តាមរយៈគម្រោង «លើកកម្ពស់សេវារបស់សមាគមក្រុមប្រឹក្សា (ACES)»។ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៣។
លោកស្រី មុំ ក្រសាល បានគូសបញ្ជាក់ថា ក្រុមប្រឹក្សារាជធានី-ខេត្ត អាចយល់ដឹងពីតម្រូវការ និងដោះស្រាយបញ្ហាលើកឡើងដោយប្រជាពលរដ្ឋ តាមរយៈវេទិកាពិគ្រោះយោបល់ ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា។
លោក សយ កុសល ប្រធានសម្ព័ន្ធភាពក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បានគូសបញ្ជាក់ពីការរួមចំណែករបស់ UNDP ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការគាំទ្រការបង្កើតសមាគម និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០០៥-២០០៦ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០០២។
UNDP-EU បានគាំទ្រការបង្កើតសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់ និងសម្ព័ន្ធភាពជាតិឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌគម្រោង «អភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ (DDLG)»។
លោក សយ កុសល បានថ្លែងថា រដ្ឋបាលឃុំ-សង្កាត់ ដែលបោះឆ្នោតជ្រើសរើសផ្ទាល់ពីប្រជាពលរដ្ឋ គឺជាតួអង្គសំខាន់ក្នុងការកាត់បន្ថយភាពក្រីនៅក្នុងសហគមន៍ តាមរយៈការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ លើការងារអភិបាលកិច្ចល្អ និងការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕