(ព្រះវិហារ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) និងសហការី នៅព្រឹកថ្ងៃទី០៧ ខែមិថុនានេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីចុះហត្តលេខាលើអនុស្សារណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្ម ផលិត ផ្គត់ផ្គង់ស្រូវសរីរាង្គ និងដំឡូងមី រវាងក្រុមហ៊ុនអេមរុយ៍រ៉ាយ ក្រុមហ៊ុនអាហ្គ្រោអង្គរ ក្រុមហ៊ុនស៊ីអេស៊ីស៊ី និងសហគមន៍កសិកម្មចំនួន២៥ ដែលមានសមាជិកសរុបចំនួនប្រហែល៤០០នាក់ ហើយមានផ្ទៃដីដាំដុះមានចំនួនប្រហែល ១០,០០០ហិកតា ក្នុងនោះការផលិតរបស់សហគមន៍ ចំពោះស្រូវសរីរាង្គទទួលបាន២២,០៥០តោន និងដំឡូងមី ១០,៥០០តោន។
ពិធីនោះក៏មានការចូលរួមពី លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ, លោកឧញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយ៍, លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ, តំណាងក្រុមហ៊ុនអាហ្គ្រោអង្គរ និងស៊ីអេស៊ីស៊ីនិង តំណាងមីក្រូហិរញ្ញវត្ថុជប៉ុន និង អាជ្ញាធរមូលដ្ឋាន និងមន្ទីពាក់ពន្ធជុំវិញខេត្តព្រះវិហារផងដែរ។
ក្នុងឆ្នាំ២០១៨នេះ ក្នុងខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុបចំនួន៤៣សហគមន៍ ទទួលបានការទទួលស្គាល់តាមច្បាប់ ហើយមានសមាជិកសរុបចំនួន៩២០០នាក់ និងមានដើមទុនសរុប១,៣៦០,០០០ដុល្លារ។ ចំពោះផលរបររបស់សហគមន៍មានមុខរបរដូចជា ការផ្តល់ឥណទានកសិកម្ម ផ្គត់ផ្គង់ ពូជ ជី សម្ភារៈកសិកម្ម ចំណីសត្វ ដាំដំណាំ សេវាកម្មទីផ្សារ ជាដើម។ល។
ក្នុងឱកាសនោះ កៅ ថាច បានសំដែងនូវសេចក្តីត្រេកអរ និងអបអរសាទរ ចំពោះការរីកចម្រើនរបស់សហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ដែលសម្រេចបានដល់ការចុះកិច្ចព្រមព្រៀង ដែលនេះនឹងមកនូវប្រយោន៍ដល់គ្រប់ភាគីដែលពាក់ព័ន្ធ។
លោកបានលើកឡើងអំពីការយកចិត្តទុកដាក់ របស់រាជរាដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ទៅលើការប្រកបផលរបរទទួលទាន របស់បងប្អូនប្រជាកសិករ។ ក្នុងនោះការរក្សាបាននូវសមភាព ស្ថិរភាព និងការអភិវឌ្ឍទូទាំងប្រទេស។ តួយ៉ាងលើវិស័យកសិកម្ម រាជរដ្ឋាភិបាលបានទំលាក់ឥណទាន ជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាទីផ្សារស្រូវធ្លាក់ថ្លៃ ឲ្យធនាគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករអនុវត្តគម្រោងឥណទានពិសេសនេះ ហើយបានធ្វើឲ្យបញ្ហាការធ្លាក់ថ្លៃស្រូវនោះ ដោះស្រាយបានយ៉ាងល្អប្រសើរ និងទទួលបានការសាទរពីប្រជាកសិករ និងសហគមន៍ផលិតស្រូវ ពីគ្រប់ទីកន្លែង។
លោកអគ្គនាយកបញ្ជាក់ទៀតថា ទន្ទឹមនេះរាជរដ្ឋាភិបាលបានទំលាក់ នូវកញ្ចប់ឥណទានបន្ថែម លើការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវចំនួន៤តំបន់ នៅខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និងតាកែវ ដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងស្រូបយកស្រូវ និងធានាបាននូវបញ្ហាថ្លៃស្រូវធ្លាក់ចុះ ដោយចៃដន្យជូនបងប្អូនប្រជាកសិករ និងសហគមន៍កសិកម្មផលិតស្រូវបាន។
លោកបន្តថា ដោយមើលឃើញពីកាលានុវឌ្ឍភាព និងអំពីសារៈសំខាន់នៃសហគមន៍កសិកម្ម និងលើកកំពស់ជីវភាពសេដ្ឋកិច្ចសង្គមជនបទ ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យអនុវត្តសាកល្បងនូវគម្រោងផ្តល់ឥណទាន សម្រាប់សហគមន៍កសិកម្មខ្នាតតូច ដោយកំណត់អត្រាការប្រាក់ទាប ជូនដល់បងប្អូនប្រជាកសិករ ដែលរួមគ្នាចងក្រងជាសហគមន៍។ ក្នុងន័យនេះ លោក កៅ ថាច បានលើកទឹកចិត្ត និងស្នើសុំឲ្យបងប្អូនប្រជាកសិករខិតខំ ប្រមូលគ្នាចងក្រងជា សហគមន៍កសិកម្មឲ្យបានច្រើន ដោយក្នុងនោះត្រូវមានផែនការអាជីវកម្មច្បាស់លាស់ និងមានរចនសម្ព័ន្ធត្រឹមត្រូវ ការពង្រឹងសមត្ថភាព និងការគ្រប់គ្រងការស្វែងរកព័ត៍មានជាដើម។
លោក កៅ ថាច បន្តលើកទឹកចិត្តនឹងស្នើសុំឲ្យបងប្អូនសហគមន៍កសិកម្ម ខិតខំធ្វើការតភ្ជាប់គ្នាតាមរយៈកិច្ចសន្យាកសិកម្ម រវាងក្រុមអ្នកផលិត ផ្គត់ផ្គង់ ក្រុមអ្នកទទួលទិញ និងទីផ្សារ ហើយគ្រប់ភាគីនៃកិច្ចសន្យា ត្រូវគោរពឲ្យបានតាមលក្ខខ័ណ្ឌ ដូចមានចែងក្នុងកិច្ចព្រមព្រៀង។ ក្នុងករណីភាគីណាមួយ មានតម្រូវការឥណទាន មានធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគាររបស់រដ្ឋតែមួយគត់ រង់ចាំផ្តល់ឥណទានជូនដោយកិច្ចសហការខ្ពស់ និងមានទំនួលខុសត្រូវ៕